ប្រទេសវៀតណាមកំពុងប្រឈមមុខនឹងការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយទៀតពីប្រទេសជិតខាង។ ក្រសួងកសិកម្ម និងបរិស្ថានវៀតណាមបានព្រមានថា ជំងឺអុតក្តាម (Foot and Mouth Disease) ប្រភេទថ្មីឈ្មោះ SAT1 បានលេចឡើងនៅក្នុងប្រទេសចិនជាលើកដំបូងកាលពីខែមេសា ឆ្នាំ ២០២៦ នេះ ហើយកំពុងរីករាលដាលមកជិតតំបន់អាស៊ីអាគ្នេយ៍ បង្កើនហានិភ័យខ្ពស់សម្រាប់វៀតណាម ដែលមានព្រំដែនគោកជាប់ចិន។

យោងតាមរបាយការណ៍បានឲ្យដឹងថា ការផ្ទុះឡើងនៃជំងឺអុតក្តាម SAT1 ត្រូវបានរកឃើញនៅខេត្តកានស៊ូ (Gansu) និងខេត្តស៊ីនជាំង (Xinjiang) របស់ចិន ដែលជាតំបន់ដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានពីព្រំដែនវៀតណាមឡើយ។ ជំងឺនេះឆ្លងយ៉ាងលឿនក្នុងចំណោមសត្វពាហនៈ ដូចជាក្របី គោ ជ្រូក ពពែ និងចៀម ដោយបណ្តាលឲ្យមានពងបែកនៅមាត់ ជើង និងអណ្តាត ហើយអាចស្លាប់យ៉ាងឆាប់រហ័សចំពោះសត្វដែលគ្មានភាពស៊ាំ។
អ្វីដែលគួរឲ្យព្រួយបារម្ភបំផុតនោះគឺ បច្ចុប្បន្នវៀតណាមមានសត្វពាហនៈសរុបជាង ៤២ លានក្បាល ប៉ុន្តែវ៉ាក់សាំងដែលកំពុងប្រើប្រាស់ការពារតែប្រភេទ O, A និង Asia1 ប៉ុណ្ណោះ មិនអាចការពារប្រឆាំងនឹង SAT1 បានឡើយ។ នេះមានន័យថា ហ្វូងសត្វទាំងមូលរបស់វៀតណាមគ្មានភាពស៊ាំនឹងមេរោគប្រភេទថ្មីនេះទេ ហើយបើឆ្លងចូល អត្រាឆ្លងអាចខ្ពស់ដល់ ១០០% ដែលបណ្តាលឲ្យខូចខាតសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។
ជាងនេះទៅទៀត ជំងឺអុតក្តាម SAT1 ពីមុនកើតមានតែនៅទ្វីបអាហ្វ្រិកប៉ុណ្ណោះ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០២៥ មក វាបានរីករាលដាលទៅកាន់មជ្ឈិមបូព៌ា អាស៊ីខាងលិច និងឥឡូវនេះដល់ចិនទៀត។ ការដឹកជញ្ជូន និងពាណិជ្ជកម្មសត្វពាហនៈតាមព្រំដែនទាំងផ្លូវការ និងក្រៅផ្លូវការ ធ្វើឲ្យវៀតណាមប្រឈមខ្ពស់ជាងពេលណាទាំងអស់។

ដើម្បីទប់ស្កាត់មុនពេលផ្ទុះឡើង ក្រសួងកសិកម្ម និងបរិស្ថានវៀតណាមបានដាក់របាយការណ៍ជូននាយករដ្ឋមន្ត្រី ស្នើសុំអនុញ្ញាតឲ្យនាំចូលវ៉ាក់សាំងប្រឆាំងនឹងជំងឺអុតក្តាមប្រភេទ SAT1 ដែលបច្ចុប្បន្នត្រូវបានផលិតនៅក្នុងប្រទេសអាហ្សង់ទីន តួកគី បារាំង កេនយ៉ា និងបុតស្វាណា។ វៀតណាមកំពុងប្រណាំងជាមួយពេលវេលា ដើម្បីការពារវិស័យបសុសត្វ និងសន្តិសុខស្បៀងរបស់ខ្លួនពីការរាតត្បាតដ៏សាហាវនេះ។
