អ៊ីរ៉ង់វាយប្រហារទីតាំងប្រេង UAE ស្របពេលអាមេរិកបើក«ប្រតិបត្តិការគម្រោងសេរីភាព»

អ៊ីរ៉ង់វាយប្រហារទីតាំងប្រេង UAE ស្របពេលអាមេរិកបើក«ប្រតិបត្តិការគម្រោងសេរីភាព»

សង្គ្រាមអ៊ីរ៉ង់៖ អេមីរ៉ាត់អារ៉ាប់រួម (UAE) ប្រកាសថាខ្លួនរងការវាយប្រហារជាច្រើនលើកពីអ៊ីរ៉ង់ កាលពីថ្ងៃទី៤ ឧសភា ដែលជាថ្ងៃដំបូងនៃប្រតិបត្តិការរបស់អាមេរិក ក្នុងគោលបំណងស្ដារចរាចរណ៍នាវាកាត់ច្រកសមុទ្រហ័រមូសឡើងវិញ។

នេះជាលើកដំបូងដែលការវាយប្រហារសំដៅលើទីតាំងស៊ីវិលក្នុងតំបន់ឈូងសមុទ្រពែរ្ស ធ្វើឲ្យបទឈប់បាញ់ដែលមានតាំងពីថ្ងៃទី៨ មេសា កាន់តែផុយស្រួយ។ តម្លៃប្រេងបានហក់ឡើងដល់ជាង១១៣ដុល្លារក្នុងមួយធុង។

រូបភាពទីតាំងប្រេង

ទីតាំងប្រេង Fujairah ដែលជាទីតាំងសំខាន់ និងអាចចេញចូលបានដោយមិនឆ្លងកាត់ច្រកសមុទ្រហ័រមូស ត្រូវបានវាយប្រហារដោយដ្រូនអ៊ីរ៉ង់ បណ្ដាលឲ្យមានភ្លើងឆេះ និងជនជាតិឥណ្ឌា៣នាក់រងរបួសធ្ងន់។ UAE ក៏បានប្រកាសថាខ្លួនរងការវាយប្រហារដោយមីស៊ីលបណ្ដែត៤គ្រាប់ពីអ៊ីរ៉ង់ដែរ ក្នុងនោះ៣គ្រាប់ត្រូវបានស្ទាក់កម្ទេច និង១គ្រាប់ទៀតធ្លាក់ក្នុងសមុទ្រ។

ក្រសួងការពារប្រទេស UAE បន្ថែមថា នាវាដឹកប្រេងរបស់ក្រុមហ៊ុន ADNO ក៏រងការវាយប្រហារដោយដ្រូនអ៊ីរ៉ង់២គ្រឿងដែរ។ ក្រសួងការបរទេស UAE បានបរិហារថា នេះជាការបង្កើនភាពតានតឹងដ៏គ្រោះថ្នាក់ ដោយគូសបញ្ជាក់ថាខ្លួនរក្សាសិទ្ធិតបតវិញ។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់អះអាងថា អ៊ីរ៉ង់គ្មានគម្រោងវាយប្រហារ UAE ឡើយ ដោយមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បន្ទោសថានោះជាផលវិបាកនៃការផ្សងព្រេងខាងយោធារបស់អាមេរិក។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពីការបើក«ប្រតិបត្តិការគម្រោងសេរីភាព» ក្នុងគោលបំណងស្ដារចរាចរណ៍កាត់ច្រកសមុទ្រហ័រមូស និងអមការពារនាវាប្រទេសទី៣ដែលជាប់គាំង។ កងទ័ពអាមេរិកបានកម្ទេចនាវាអ៊ីរ៉ង់៦គ្រឿង និងស្ទាក់កម្ទេចដ្រូន និងមីស៊ីលអ៊ីរ៉ង់ជាច្រើន។

អ៊ីរ៉ង់បានបង្កើតច្បាប់សម្រាប់ការឆ្លងកាត់ច្រកសមុទ្រហ័រមូស និងព្រមានអាមេរិកប្រឆាំងរាល់អន្តរាគមន៍។ ឧត្ដមសេនីយអាលីអាប់ឌូឡាហ៊ី អគ្គមេបញ្ជាការកងទ័ពអ៊ីរ៉ង់ បានព្រមានថា ប្រសិនបើអាមេរិកចូលក្នុងច្រកសមុទ្រនេះ នឹងក្លាយជាគោលដៅនៃការវាយប្រហារ។

administrator

Related Articles