រកឃើញអដ្ឋិធាតុជនរងគ្រោះសម័យខ្មែរក្រហមជិត៨០០បំណែកនៅកោះរំដួល

រកឃើញអដ្ឋិធាតុជនរងគ្រោះសម័យខ្មែរក្រហមជិត៨០០បំណែកនៅកោះរំដួល

ខេត្តកណ្ដាល ៖ មន្ទីរវប្បធម៌ខេត្តកណ្តាល សហការជាមួយសារមន្ទីរទួលស្លែង បានចុះប្រមូលអដ្ឋិធាតុ និងសម្លៀកបំពាក់ជនរងគ្រោះសម័យខ្មែរក្រហម នៅកោះរំដួល ក្រុងតាខ្មៅ ខេត្តកណ្ដាល។

អដ្ឋិធាតុជនរងគ្រោះ

យោងតាមការប្រកាសរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យសារមន្ទីរ និងការិយាល័យបេតិកភណ្ឌ រួមជាមួយសារមន្ទីរទួលស្លែង បានចុះសិក្សាចងក្រងព័ត៌មាន និងប្រមូលអដ្ឋិធាតុ ព្រមទាំងសម្លៀកបំពាក់ជនរងគ្រោះក្នុងសម័យខ្មែរក្រហម នៅទីតាំងកោះរំដួល ហៅកោះគរ ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។

ក្រុមការងារកំពុងប្រមូលអដ្ឋិធាតុ

បេសកកម្មនេះមានគោលបំណងសំខាន់ដើម្បីប្រមូល និងរក្សាទុកនូវភស្តុតាងប្រវត្តិសាស្ត្រ រួមមានអដ្ឋិធាតុ និងសម្លៀកបំពាក់របស់ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

សម្លៀកបំពាក់ជនរងគ្រោះ

ជាលទ្ធផលបឋម ក្រុមការងារបានរៀបចំបំណែកអដ្ឋិធាតុជនរងគ្រោះប្រហែល ៨០០បំណែក និងសម្លៀកបំពាក់ជនរងគ្រោះមួយចំនួនទៀត ដែលនឹងត្រូវយកទៅរក្សាទុក និងសិក្សាបន្ថែមនៅសារមន្ទីរទួលស្លែង។

ការងារប្រមូលអដ្ឋិធាតុ

ការរកឃើញនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រសួងវប្បធម៌ និងសារមន្ទីរទួលស្លែង ក្នុងការស្វែងរក និងថែរក្សាភស្តុតាងប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម ដើម្បីផ្តល់យុត្តិធម៌ និងការចងចាំដល់ជនរងគ្រោះទាំងអស់ ៕

ទិដ្ឋភាពទីតាំងកោះរំដួល

administrator

Related Articles