រាជធានីភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាបានសម្រេចចិត្តផ្តួចផ្តើមការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាច្បាប់សមុទ្រអន្តរជាតិ (UNCLOS) បន្ទាប់ពីភាគីថៃបានដកខ្លួនចេញពីអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១។

ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលជំនួបត្រីភាគីរវាងហ្វីលីពីន កម្ពុជា និងថៃ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន កាលពីល្ងាចថ្ងៃទី០៧ ឧសភា ឆ្នាំ២០២៦ សម្ដេចធិបតីបានបង្ហាញការជឿជាក់ថា នេះជាមាគ៌ាសន្តិភាពឆ្ពោះទៅរកដំណោះស្រាយយុត្តិធម៌សម្រាប់ភាគីទាំងពីរ។
សម្ដេចបានអះអាងថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំងសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ (២៦ តុលា ២០២៥) និងសេចក្តីថ្លែងការណ៍រួម (២៧ ធ្នូ ២០២៥)។

ទន្ទឹមនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានប្តេជ្ញារួមគ្នាដើម្បីសន្តិភាពយូរអង្វែង ដោយពិភាក្សាអំពីការបន្តយន្តការ JBC, GBC និង RBC នៅពេលដែលរដ្ឋាភិបាលថ្មីថៃរៀបចំមុខងារពេញលេញ។ សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងស្វាគមន៍ការទទួលតួនាទីដឹកនាំរបស់ហ្វីលីពីនពីម៉ាឡេស៊ី។
