រាជធានីភ្នំពេញ៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ (TVET 1.5M) របស់រាជរដ្ឋាភិបាលកម្ពុជា កំពុងទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ដោយបានបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសរុបប្រមាណ ២៧ ម៉ឺននាក់ គិតចាប់ពីការអនុវត្តនៅឆ្នាំ ២០២៤ ដល់ត្រីមាសទី១ ឆ្នាំ ២០២៦ នេះ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ថា ក្នុងចំណោមយុវជនជាង ២៧ ម៉ឺននាក់ មាន ២២,៧ ម៉ឺននាក់ សិក្សានៅគ្រឹះស្ថានក្រោមឱវាទក្រសួង និង ៤,៣ ម៉ឺននាក់ សិក្សាក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។

លោកបានបញ្ជាក់ថា វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស បាននិងកំពុងចូលរួមយ៉ាងសកម្មលើការផលិតមូលធនមនុស្ស អភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព និងការប្រកួតប្រជែងខ្ពស់ ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល។

លោកអ្នកនាំពាក្យបានបន្តថា អ្វីដែលថ្នាក់ដឹកនាំក្រសួង និងមន្ត្រីកំពុងអនុវត្ត គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត និងអនុវត្តតាមអភិក្រមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺ «រៀនឱ្យចប់ រៀនឱ្យចេះ ឱ្យមានការងារធ្វើ»។

លោក ស៊ុន មេសា បានអំពាវនាវដល់យុវជនដែលមិនទាន់បានចុះឈ្មោះ សូមរួសរាន់មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានដែលនៅក្បែរមូលដ្ឋានរបស់ខ្លួន ដោយយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅតែទទួលការរៀនដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភដដែល។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង Hotline ឥតគិតថ្លៃ លេខ ១២៨៦ ឬ ១២៩៧។
យុវជនទាំងនោះបានចូលសិក្សាក្នុងវិស័យជាច្រើនដូចជា៖ សំណង់, អគ្គិសនី និងថាមពល, អេឡិចត្រូនិក, កម្មន្តសាល, មេកានិច, ធុរកិច្ច និងព័ត៌មានវិទ្យា, សេវាកម្ម, បរិក្ខារត្រជាក់ និងកម្ដៅ, ទេសចរណ៍, កសិកម្ម និងកសិ-ឧស្សាហកម្ម។
