ជិត ៥ ខែ! ខេត្តបន្ទាយមានជ័យបង្ក្រាបអនឡាញឆបោក ១៥ទីតាំង នាំខ្លួនជនបរទេសជាង ៤ពាន់នាក់

ជិត ៥ ខែ! ខេត្តបន្ទាយមានជ័យបង្ក្រាបអនឡាញឆបោក ១៥ទីតាំង នាំខ្លួនជនបរទេសជាង ៤ពាន់នាក់

បន្ទាយមានជ័យ៖ យុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១៨ ខែមករា រហូតដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ បង្ក្រាបបានចំនួន ១៥ ទីតាំង និងឃាត់ខ្លួនជនបរទេសសរុបចំនួន ៤,៦៥៦ នាក់ មកពី ១១ សញ្ជាតិផ្សេងគ្នា ដោយភាគច្រើនជាជនជាតិចិន។

បង្ក្រាប Online Scams

ក្នុងចំណោមជនបរទេសទាំងនោះ មានជនជាតិថៃចំនួន ៦៣៥ នាក់ ត្រូវបានបញ្ជូនត្រឡប់ទៅកាន់ប្រទេសថៃវិញតាមច្រកអន្តរជាតិប៉ោយប៉ែត កាលពីពេលកន្លងទៅ។ នេះបើយោងតាមរបាយការណ៍សង្ខេបរបស់ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលប្រារព្ធធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦។

កិច្ចប្រជុំបង្ក្រាប Online Scams

ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសនេះ លោក អ៊ុំ រាត្រី អភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តបានចេញលិខិតបិទទីតាំងទាំងស្រុងចំពោះទីតាំងដែលរកឃើញថាបានប្រព្រឹត្តបទល្មើស និងទីតាំងដែលសង្ស័យថាមានការប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកបានណែនាំឱ្យសហការអនុវត្តការចុះបង្ក្រាប ឃាត់ខ្លួនជនល្មើស និងបញ្ជូនទៅស្ថាប័នពាក់ព័ន្ធតាមនីតិវិធី ព្រមទាំងសហការជិតស្និទ្ធជាមួយកម្លាំងអគ្គស្នងការនគរបាលជាតិ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ជាពិសេសនៅតំបន់ប៉ោយប៉ែត។

អាជ្ញាធរខេត្តបន្ទាយមានជ័យ

លោក កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាស្មុគស្មាញសម្រាប់ពិភពលោក ដែលត្រូវរួមគ្នាដោះស្រាយបង្ក្រាបឱ្យបាន ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមនៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា បទល្មើសនេះបានក្លាយជាបទល្មើសសកលមួយ ដែលកំពុងគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងសកលលោក ធ្វើឱ្យខូចខាតផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។

សន្តិសុខសង្គម

លោក កែវ វណ្ណថន ក៏បានផ្ដល់អនុសាសន៍សង្កត់ធ្ងន់ទៅដល់អាជ្ញាធរខេត្ត ស្រុក-ក្រុង និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដករឹសគល់ ដោយសារក្រុមនេះបានបំបែកខ្លួនពីក្រុមធំមកជាក្រុមតូចៗ ដែលជាការបង្កើនសកម្មភាពឆបោក។ ការបង្ក្រាបនេះគឺដើម្បីការពារកិត្តិយស ផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាពលរដ្ឋ និងបង្កើតបរិយាកាសសង្គមឱ្យកាន់តែល្អប្រសើរ សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ។

ការបង្ក្រាបបទល្មើស

អត្ថបទ ៖ អេម ពៅ

administrator

Related Articles