រដ្ឋាករចម្រុះបង្ក្រាបទីតាំងល្បែងអនឡាញស្រុកសង្កែ ឃាត់ខ្លួនប្រុសស្រី១០នាក់ដកហូតសម្ភារៈមួយចំនួន

រដ្ឋាករចម្រុះបង្ក្រាបទីតាំងល្បែងអនឡាញស្រុកសង្កែ ឃាត់ខ្លួនប្រុសស្រី១០នាក់ដកហូតសម្ភារៈមួយចំនួន

ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចចម្រុះក្រោមការដឹកនាំរបស់តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានបើកប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងតាមអនឡាញមួយកន្លែង ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ដោយឃាត់ខ្លួនមនុស្សចំនួន១០នាក់ ក្នុងនោះមានស្ត្រីចំនួន៤នាក់ និងតំណាងម្ចាស់ទីតាំងផ្ទាល់ម្នាក់ទៀតផងដែរ។

រូបភាពបង្ក្រាបទីតាំងល្បែងអនឡាញ

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងកាលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១០:២០នាទី ដោយអនុវត្តតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការសម្របសម្រួលពីលោកស្រី នេត្រ សុផារិន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។

កម្លាំងសមត្ថកិច្ចកំពុងប្រតិបត្តិការ

កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ រួមជាមួយលោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសង្កែ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងតាមអនឡាញ ស្ថិតនៅចំណុចផ្ទះជួលមួយកន្លែង ក្រុមទី០២ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ កុំព្យូទ័រយួរដៃចំនួន១០គ្រឿង ម៉ាស៊ីនកុំព្យូទ័រចំនួន២៥គ្រឿង និងគ្រឿងដែលបានដំឡើងរួចហើយចំនួន១៩គ្រឿង។

វត្ថុតាងដកហូតបាន

បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕

administrator

Related Articles