ស្នេហ៍ថ្មីបោកសម្រក់! ប្រើសង្សារឲ្យជិះម៉ូតូទិញបារី បែរជាយកទៅបញ្ចាំហើយចែកលុយគ្នាចាយ នគរបាលតាមចាប់បាន ៣នាក់រៀងរាល់គ្នា

ស្នេហ៍ថ្មីបោកសម្រក់! ប្រើសង្សារឲ្យជិះម៉ូតូទិញបារី បែរជាយកទៅបញ្ចាំហើយចែកលុយគ្នាចាយ នគរបាលតាមចាប់បាន ៣នាក់រៀងរាល់គ្នា

ខេត្តកណ្តាល៖ រំលោភទំនុកចិត្តមិត្តភក្តិត្រឹមតែខ្ចីម៉ូតូទៅទិញបារី តែបែរជាជិះយកទៅបញ្ចាំយកលុយចែកគ្នាចាយ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនបាន ៣នាក់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

រូបភាពទី២

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ការឃាត់ខ្លួននេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ឧសភា ២០២៦ ក្រោយសកម្មភាពកើតឡើងកាលពីវេលាម៉ោង ៥ ទៀបភ្លឺ ថ្ងៃទី៥ ឧសភា ២០២៦ នៅចំណុចផ្ទះសំណាក់មហាលាភ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

ជនរងគ្រោះមានឈ្មោះ ទួន រតនៈ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិកណ្តាលកោះតូច ឃុំតាលន់ ស្រុកស្អាង បាត់បង់ម៉ូតូម៉ាក SUZUKI NEX ពណ៌លឿងស ពាក់ផ្លាកលេខ កណ្តាល 1AM-2482។ ចំណែកជនសង្ស័យទាំង ៣នាក់មាន (១) ប៉ង់ ពេជ្រ អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក, (២) តាក់ ប៊ុនថង អាយុ ២១ឆ្នាំ បើកបររថយន្ត, និង (៣) ធី ធា អាយុ ១៩ឆ្នាំ នៅផ្ទះ អ្នកទាំងពីរមានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។ សមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូ ១គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KH-5680។

តាមរឿងនិទាន ជនរងគ្រោះបានជិះម៉ូតូឌុបសង្សារមកពីដើរលេងនៅភ្នំពេញ លុះមកដល់សួនច្បារមាត់ទន្លេក្រុងតាខ្មៅ ក៏ប្រទះជួបជនសង្ស័យឈ្មោះ ប៉ង់ ពេជ្រ ដែលត្រូវជាមិត្តភក្តិរបស់សង្សារខ្លួន។ ក្រោយបបួលគ្នាទៅដេកនៅផ្ទះសំណាក់ សង្សារជនរងគ្រោះចង់ជក់បារី ក៏យកកូនសោម៉ូតូហុចទៅឲ្យជនសង្ស័យជិះទៅទិញ។ ស្រាប់តែជិះយកទៅបាត់រហូតដល់ថ្ងៃទី៦ ឧសភា ទើបជនរងគ្រោះសម្រេចចិត្តមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់។

រូបភាពទី៣

លោកអធិការបន្តថា ភ្លាមៗក្រោយទទួលបណ្តឹង សមត្ថកិច្ចបានចេញប្រតិបត្តិការស្រាវជ្រាវរហូតឃាត់ខ្លួនក្រុមជនសង្ស័យជាបន្តបន្ទាប់។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាជិះម៉ូតូរបស់ជនរងគ្រោះយកទៅបាត់មែន ដោយមិនបានទៅទិញបារីទេ គឺបានពឹងបក្ខពួកឲ្យជូនខ្លួនយកម៉ូតូទៅដាក់បញ្ចាំនៅផ្សារឃ្លាំងរំសេវបានប្រាក់ ៤៥០ដុល្លារ ហើយចែកគ្នាចាយអស់ទៅហើយ។ បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

administrator

Related Articles