ភ្នំពេញ៖ ករណីប្លន់ម៉ូតូមួយកើតឡើងដោយសារតែការធ្វេសប្រហែសរបស់ជនរងគ្រោះផ្ទាល់តែម្តង ខណៈពួកគេឈប់នោមតែមិនបានដកសោម៉ូតូចេញ បានក្លាយជាគោលដៅងាយៗសម្រាប់ក្រុមជនសង្ស័យ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣ និង ៥០ នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវបេតុងឌួងងៀប សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមានគ្នា ៣ នាក់ ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងស៊េរីឆ្នាំ២០២៤ ចេញពីម្តុំផ្សារបឹងបៃតង បំណងទៅលេងសង្សារនៅម្តុំទួលពង្រ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឈប់នោមដោយមិនបានដកសោម៉ូតូចេញនោះទេ។
ប្រភពដដែលបានបន្តថា ខណៈកំពុងឈរនោម ស្រាប់តែមានជនសង្ស័យ ២ នាក់ ប្រដាប់ដោយដំបងទីប ដើរមកធ្វើសកម្មភាពវាយធាក់ និងប្លន់យកម៉ូតូបានសម្រេច រួចជិះរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកនាំខ្លួនជនរងគ្រោះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដើម្បីសួរនាំ និងដាក់ពាក្យបណ្ដឹង បន្តធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ សំណាងល្អដែលជនរងគ្រោះមិនបានរងរបួសធ្ងន់ធ្ងរនោះទេ។
ហេតុការណ៍នេះជាមេរៀនមួយសម្រាប់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែប្រុងប្រយ័ត្នជានិច្ច ជាពិសេសនៅពេលឈប់ចតយានជំនិះ ត្រូវដកសោ ឬប្រើសោសុវត្ថិភាពជានិច្ច ដើម្បីកុំឲ្យក្រុមជនទុច្ចរិតឆ្លៀតឱកាសប្រព្រឹត្តបទល្មើស៕
ដោយ៖ សុខាសែនជ័យ
