សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ៧នាក់ ករណីប៉ុនប៉ងប្លន់ម៉ូតូក្រុមតន្ត្រីករពិធីមង្គលការ

សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ៧នាក់ ករណីប៉ុនប៉ងប្លន់ម៉ូតូក្រុមតន្ត្រីករពិធីមង្គលការ

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ដែលពាក់ព័ន្ធនឹងករណីប៉ុនប៉ងប្លន់យកម៉ូតូពីក្រុមអ្នករៀបចំឆាកតន្ត្រីតាមពិធីមង្គលការ និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់រួចហើយ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន

មន្ត្រីនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា កាលពីវេលាម៉ោង០០និង៤៥នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង មានករណីប៉ុនប៉ងលួចដោយស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) បង្កឡើងដោយជនសង្ស័យប្រហែល១០នាក់ ជិះម៉ូតូ០៤គ្រឿង ប្រើកាំបិតផ្គាក់ និងដាវ។

វត្ថុតាងដាវ និងម៉ូតូ

ជនរងគ្រោះមានគ្នា២នាក់ គឺឈ្មោះ មឿន សាម៉ៃ (អាយុ១៨ឆ្នាំ) និង ផល ដារ៉ា (អាយុ២០ឆ្នាំ) រស់នៅភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ មុនពេលកើតហេតុ ពួកគេទើបតែចេញពីកន្លែងរៀបចំឆាកតន្ត្រីភូមិជង្រុក ឃុំទួលព្រិច ស្រុកអង្គស្នួល ព្រមទាំងអ្នករួមការងារ៦នាក់ផ្សេងទៀត។

ជនសង្ស័យកំពុងឃាត់ខ្លួន

នៅពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូ កាន់កាំបិតផ្គាក់ និងដាវ ដេញតាមពីក្រោយ រួចធាក់ម៉ូតូជនរងគ្រោះបណ្តាលឲ្យដួល និងរងរបួស។ ភ្លាមៗនោះ ឈ្មោះ ម៉ៅ ឌីណា អ្នករួមការងារបានបើករថយន្តដេញតាមពីក្រោយ ធ្វើឲ្យជនសង្ស័យភ័យខ្លាច នាំគ្នាជិះគេចខ្លួនទៅទិសខាងកើតចូលទឹកដីស្រុកអង្គស្នួលបាត់។

ជនសង្ស័យមុខសមត្ថកិច្ច

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយនគរបាលស្រុកសំរោងទង បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ជាបន្តបន្ទាប់នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ រួមមាន៖ ចិត្ត រ៉ាស៊ី (អាយុ១៩ឆ្នាំ, អ្នកកាន់ដាវ), អ៊ុំ ចន្ធូ (អាយុ១៨ឆ្នាំ), សាវ ដេវីត (អាយុ១៦ឆ្នាំ), សុខ មាន (អាយុ១៦ឆ្នាំ), ម៉ៅ លីហេង (អាយុ១៦ឆ្នាំ) និង មាន ផាន់ណា (អាយុ១៩ឆ្នាំ)។

ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ច

ជនសង្ស័យទាំង៦នាក់បានសារភាពថា ពួកគេពិតជាបានយកកាំបិតផ្គាក់ និងដាវ ដេញកាប់ជនរងគ្រោះ និងធាក់បណ្តាលឲ្យដួលម៉ូតូ ក្នុងគោលបំណងយកម៉ូតូ ដោយមានបក្ខពួក៤នាក់ទៀត។ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានម៉ូតូ០២គ្រឿង ម៉ាកហុងដាសេ១២៥ ដែលពួកគេជិះធ្វើសកម្មភាព។

វត្ថុតាងម៉ូតូ

ក្រោយមកនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបានបន្តឃាត់ខ្លួនបក្ខពួកជនសង្ស័យម្នាក់ទៀតឈ្មោះ សួង ចាន់ហេង ហៅពេវ (អាយុ១៧ឆ្នាំ) រស់នៅភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជននេះបានសារភាពបន្ថែមថា កន្លងកន្លងមកពួកគេធ្លាប់ធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៥១ មុខសាលាបឋមសិក្សាអង្គតាឡឹក ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង។

ជនសង្ស័យនិងវត្ថុតាង

សរុបមក សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ដកហូតវត្ថុតាងម៉ូតូ២គ្រឿង និងដាវ១ដើម ហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត។

ជនសង្ស័យទាំង៧នាក់

សមត្ថកិច្ចកំពុងសួរចម្លើយ

administrator

Related Articles