
ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង នៅវេលាម៉ោង ០៥:២០នាទី ថ្ងៃទី០៩ ខែឧសភា ២០២៦ លើដងផ្លូវជាតិលេខ១៤៦B ចន្លោះគីឡូម៉ែត្រលេខ ០១-០២ ស្ថិតក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឱ្យបុរស២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
តាមរបាយការណ៍ពីសមត្ថកិច្ច គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តម៉ាក TOYOTA COROLLA ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 2A-1896 បើកបរដោយឈ្មោះ ង៉ែត សុខ អាយុ ៤៦ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ រួមដំណើរជាមួយឈ្មោះ កង ទុន អាយុ ៣៩ឆ្នាំ មុខរបរប្រជាការពារ។ រថយន្តកំពុងធ្វើដំណើរទិសដៅពីស្រុកព្រៃនប់ ឆ្ពោះទៅស្រុកស្ទឹងហាវ។

លុះមកដល់ចំណុចកើតហេតុ រថយន្ត TOYOTA COROLLA បានបុកពីក្រោយរថយន្តសណ្ដោងរ៉ឺម៉កម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-6661 និងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4B-0240 ដែលកំពុងឈប់ចតក្បែរចិញ្ចើមផ្លូវ ដោយបុកពេញទំហឹងពីខាងក្រោយ។

ក្រោយពីកើតហេតុ សាកសពទាំងពីរត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តដែលជាវត្ថុតាងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបររថយន្តម៉ាក HYUNDAI បានចាកចេញពីកន្លែងកើតហេតុមុនពេលសមត្ថកិច្ចទៅដល់។

