ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលស្រុកថ្មគោល បានបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ ក្នុងករណីប្រើកាំបិតកាប់ប្លន់យកម៉ូតូពីជនរងគ្រោះ ដែលបានកើតឡើងកាលពីថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៦ កន្លងទៅនេះ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកថ្មគោលបានឲ្យដឹងនៅព្រឹកថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២៦ ថា កាលពីថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៦ ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ០៤ នាក់។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមាន៖
- ឈ្មោះ នួន ភារិទ្ធ ហៅ បារាំង ភេទប្រុស អាយុ ១៦ ឆ្នាំ
- ឈ្មោះ នេត មុនី ភេទប្រុស អាយុ ១៦ ឆ្នាំ
- ឈ្មោះ សុខ សាវ៉ែន ភេទប្រុស អាយុ ១៦ ឆ្នាំ
- ឈ្មោះ រិទ្ធី ចំរើន ភេទប្រុស អាយុ ១៧ ឆ្នាំ
ក្នុងនោះសមត្ថកិច្ចក៏បានដកហូតបានវត្ថុតាងរួមមាន ម៉ូតូហុងដាឌ្រីម ស៊េរី ២០២៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AZ-0210 ចំនួន ០១ គ្រឿង និងកាំបិត ០១ ដើមដែលជាសម្ភារៈប្រើប្រាស់ក្នុងការប្លន់។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ២៣ និង ០៣ នាទី ថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៦ នៅចំណុចភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ក្រុមជនសង្ស័យបានធ្វើសកម្មភាពប្រើកាំបិតកាប់ប្លន់យកម៉ូតូពីជនរងគ្រោះឈ្មោះ ទួន រ៉ាឌី ភេទប្រុស អាយុ ១៨ ឆ្នាំ និងមិត្តភក្តិកំពុងជិះនៅលើដងផ្លូវ រួចក៏យកម៉ូតូទៅបាត់។ ក្រោយមកជនរងគ្រោះបានផ្តល់ព័ត៌មានដល់សមត្ថកិច្ច ទើបធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន។
បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ រីឯម៉ូតូរបស់ជនរងគ្រោះវិញនឹងប្រគល់ជូនម្ចាស់វិញផងដែរ។
