ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦នេះ លោក រស់ ឆាយ ប្រធានគណៈចាត់តាំងគណបក្សខេត្ត តំណាងលោក ម៉ែនវិបុល ប្រធានគណកម្មាធិការគណបក្សខេត្តស្វាយរៀង និងលោក ហែម ស៊ីណា ប្រធានគណៈកម្មាធិការគណបក្សស្រុក បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសតែងតាំង លោក ឈឹម បុរស ឱ្យកាន់តំណែងជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំថ្មាធ្នង់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំថ្មាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ លោក រស់ ឆាយ បានមានប្រសាសន៍ថា លោក ឈឹម បុរស ត្រូវបន្តខិតខំប្រឹងប្រែងដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ឃុំឱ្យកាន់តែរីកចម្រើន ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់គណបក្ស កម្មវិធីគោលនយោបាយ និងគោលការណ៍នានារបស់គណបក្ស។

លោកបានសង្កត់ធ្ងន់ថា លោក ឈឹម បុរស ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដោយរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ក្នុងទិសដៅរួមគ្នា និងឱ្យស្រុះដៃគ្នា ដើម្បីបម្រើប្រជាជន ដោះស្រាយបញ្ហាជូនប្រជាជន និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្នុងមូលដ្ឋាន។

ជាពិសេស លោកត្រូវយកចិត្តទុកដាក់លើការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនឱ្យកាន់តែធូរធារ ដើម្បីដណ្តើមការគាំទ្រពីប្រជាពលរដ្ឋផងដែរ។


ដោយ៖ សុថាន






