ភ្នំពេញ ៖ ស្ត្រីរូបម្នាក់បានស្រក់ទឹកភ្នែកដោយក្តីរំភើប ក្រោយពីទទួលបានប្លង់ដីរឹងវិញ បន្ទាប់ពីឆ្លងកាត់ឧបសគ្គ និងរឿងក្តីតុលាការអូសបន្លាយជាយូរមកជាមួយធនាគារមួយ ដែលត្រូវបានដោះស្រាយដោយស្ថាប័ន អ.ដ.ក ។
ទោះបីរឿងក្តីត្រូវបានបិទបញ្ចប់ តម្រូវឱ្យនាងទៅដកប្លង់ដីនៅមន្ទីររៀបចំដែនដីខេត្តកំពង់ឆ្នាំងក៏ដោយ ក៏នាងព្យាយាមអស់រយៈពេលជាច្រើនថ្ងៃ តែមិនអាចទទួលបានដោយសារតែការផ្តល់សេវារបស់មន្ត្រីមួយចំនួន។

រឿងនេះបានរុញច្រានឱ្យនាងសម្រេចចិត្តស្វែងរកអន្តរាគមន៍ពីលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្របពេលដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងដាក់ឱ្យដំណើរការសេវារហ័ស (Express Service) នៅច្រកចេញចូលតែមួយ។

នៅទីបំផុត បន្ទាប់ពីទៅទទួលសេវារហ័សនៅទីស្តីការក្រសួង ស្ត្រីរូបនេះទទួលបានប្លង់រឹងរបស់ខ្លួនមកវិញ ថែមទាំងជាប្លង់ព្រីនចេញថ្មីទៀតផង។

នាងបានបញ្ចេញនូវក្តីរំភើប និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសេវានេះ ដែលធ្វើឱ្យនាងទទួលបានប្លង់ដីវិញក្នុងរយៈពេលដ៏ខ្លី ដែលនាងមិននឹកស្មានដល់។

សូមបងប្អូនប្រជាពលរដ្ឋដែលមានឯកសារដីធ្លីត្រូវរាំងស្ទះយូរថ្ងៃ ហួសកាលបរិច្ឆេទ និងជួបប្រទះមន្ត្រីកិកកុកទារលុយកាក់ហួសកំណត់ សូមអញ្ជើញទៅកាន់សេវារហ័សនៅច្រកចេញចូលតែមួយរបស់ក្រសួងរៀបចំដែនដី។

សូមបញ្ជាក់ថា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានឱ្យដឹងថា មជ្ឈមណ្ឌលប្រជាជន (ច្រកចេញចូលតែមួយ) បានផ្តល់សេវាសាធារណៈរហ័សជាលើកដំបូង ដោយចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១១០ បណ្ណ ជូនប្រជាពលរដ្ឋ និងធុរជន។

