ខេត្តស្វាយរៀង៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានឃាត់ខ្លួនក្មេងទំនើងចំនួន ០៧នាក់ ដែលបានបង្ហោះរូបភាពកាន់កាំបិត ឌឺដងគ្នានៅលើបណ្ដាញសង្គម Facebook មកធ្វើការអប់រំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត។

នគរបាលក្រុងបាវិតបានឲ្យដឹងថា នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាឲ្យកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ែម សុវណ្ណរិទ្ធ អធិការនគរបាលក្រុងបាវិត ស្រាវជ្រាវ និងឃាត់ខ្លួនក្រុមក្មេងទំនើងទាំង ០៧នាក់ ប្រុសសុទ្ធ។


ក្រុមក្មេងទំនើងទាំងអស់នេះសុទ្ធសឹងតែជាអនីតិជន ដែលបានបង្ហោះរូបភាពកាន់កាំបិត និងឌឺដងដាក់គ្នាទៅវិញទៅមកតាមបណ្ដាញសង្គម Facebook បង្កឲ្យមានការភ្ញាក់ផ្អើល និងបារម្ភក្នុងសង្គម។ ក្រោយពីឃាត់ខ្លួនមក សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាលមកទទួលយកទៅអប់រំបន្ត កុំឲ្យប្រព្រឹត្តអំពើដែលសង្គមស្អប់ខ្ពើមបែបនេះទៀត។





