អភិសន្តិបណ្ឌិត ស សុខា សម្ពោធដំណាក់ថ្មីវត្តសិរីឧត្តម ប្រវត្តិសាស្ត្រអាយុ៨៦ឆ្នាំ រស់ឡើងវិញក្រោមសន្តិភាព

អភិសន្តិបណ្ឌិត ស សុខា សម្ពោធដំណាក់ថ្មីវត្តសិរីឧត្តម ប្រវត្តិសាស្ត្រអាយុ៨៦ឆ្នាំ រស់ឡើងវិញក្រោមសន្តិភាព

ខេត្តព្រៃវែង៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តសិរីឧត្តម ស្ថិតក្នុងភូមិត្របែក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ពិធីសម្ពោធវត្តសិរីឧត្តម

ថ្លែងក្នុងឱកាសនោះ លោកអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា សមិទ្ធផលថ្មីៗនេះជាសក្ខីភាពនៃមហាកម្លាំងសាមគ្គី និងការរីកចម្រើននៃវិស័យពុទ្ធសាសនា ក្រោមដំបូលសន្តិភាព ព្រមទាំងជាទឹកចិត្តជ្រះថ្លារបស់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស។

លោកអភិសន្តិបណ្ឌិត បានបង្ហាញការត្រេកអរចំពោះការប្រែមុខមាត់ថ្មីរបស់វត្តសិរីឧត្តម ដែលជាទីអារាមប្រវត្តិសាស្ត្រចំណាស់មួយកសាងតាំងពីឆ្នាំ១៩៤០ មានអាយុកាលប្រមាណ៨៦ឆ្នាំ ដោយឆ្លងកាត់ដំណាក់កាលរបត់ប្រវត្តិសាស្ត្រជាច្រើន រួមទាំងសម័យសង្គ្រាម និងការបំផ្លិចបំផ្លាញក្នុងរបបប៉ុលពត។ បច្ចុប្បន្ន វត្តនេះបានក្លាយជាទីសក្ការៈដ៏ស្រស់បំព្រងសម្រាប់ពុទ្ធបរិស័ទ។

សមិទ្ធផលថ្មីវត្តសិរីឧត្តម

លោកអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន អាជ្ញាធរដែនដី និងសប្បុរសជន ពិសេសការណែនាំពីសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានបូជាកម្លាំងកាយចិត្ត និងថវិកាកសាងសមិទ្ធផលនានាបម្រើវិស័យសាសនា។

សម្ពោធដំណាក់ថ្មី

លោកអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា ក្រោមដំបូលសុខសន្តិភាព និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល វិស័យព្រះពុទ្ធសាសនានឹងបន្តរីកចម្រើន ដើម្បីលើកកម្ពស់ការអប់រំសីលធម៌ និងសុខដុមនីយកម្មក្នុងសង្គម។

លោកអភិសន្តិបណ្ឌិត បានកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលខិតខំរក្សាសន្តិភាព និងស្ថិរភាពសង្គម ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អភិសន្តិបណ្ឌិត ស សុខា ថ្លែងក្នុងពិធី

លោកអភិសន្តិបណ្ឌិត ក៏បានផ្តល់អនុសាសន៍ដល់អាជ្ញាធរដែនដីបន្តដោះស្រាយសំណូមពរប្រជាពលរដ្ឋឱ្យបានទាន់ពេល ពិសេសការត្រៀមសង្គ្រោះពីគ្រោះធម្មជាតិក្នុងរដូវវស្សា ព្រមទាំងរឹតបន្តឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោកអភិសន្តិបណ្ឌិត ក៏បានជំរុញឱ្យលោកគ្រូអ្នកគ្រូបន្តបណ្ដុះស្មារតីស្នេហាជាតិដល់សិស្សានុសិស្ស និងអប់រំឱ្យចៀសឆ្ងាយពីគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសង ព្រមទាំងផ្ដាំផ្ញើដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ថែទាំសុខភាព តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត និងសន្សំសំចៃក្នុងស្ថានភាពវិបត្តិថាមពលសកល៕

ដោយ៖ សិលា

administrator

Related Articles