ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាដឹកភ្ញៀវជនជាតិចិនពីរនាក់បានជ្រុលទៅបុករថយន្ត Toyota Raize ពីក្រោយ បណ្ដាលឲ្យខូចខាត និងត្រូវបានភាគីរថយន្តទារសំណងចំនួន ៦០០ ដុល្លារ តែភាគីម៉ូតូឥណ្ឌាសុំឲ្យត្រឹមតែ ៥០ដុល្លារប៉ុណ្ណោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅត្រង់ចំណុចស្តុបស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ កែងផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្ត Toyota Raize ពាក់ស្លាកលេខ ភ្នំពេញ 2BU-6278 បើកបរដោយស្ត្រីម្នាក់ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ អ្នកបើកបរបានកំបត់ទៅស្ដាំ ស្រាប់តែម៉ូតូកង់បីឥណ្ឌាពាក់ស្លាកលេខ ភ្នំពេញ 1IC-3640 ជ្រុលចង្តូតមកបុកពីក្រោយយ៉ាងពេញទំហឹង។

ក្រោយកើតហេតុ ភាគីរថយន្តបានទាមទារថ្លៃខូចខាតចំនួន ៦០០ ដុល្លារ រីឯភាគីម៉ូតូកង់បីវិញឲ្យតែ ៥០ ដុល្លារប៉ុណ្ណោះ។ ដោយសារការសម្របសម្រួលគ្នានៅកន្លែងកើតហេតុមិនចុះសម្រុង ទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅនគរបាលចរាចរណ៍ចុះមកវាស់វែង និងយកយានយន្តទាំងពីរមកអែបកៀន ដើម្បីឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាជាបណ្ដោះអាសន្ន។

ប្រសិនបើនៅតែមិនអាចចរចារគ្នាបាន សមត្ថកិច្ចនឹងយកយានយន្តទាំងពីរទៅរក្សាទុកនៅអធិការនគរបាលខណ្ឌសែនសុខ ដើម្បីដោះស្រាយបន្តទៅតាមច្បាប់។ ឧប្បត្តិហេតុនេះក៏ជាមេរៀនមួយសម្រាប់អ្នកបើកបរទាំងអស់ឲ្យគោរពច្បាប់ចរាចរណ៍ និងរក្សាគម្លាតសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន។
ដោយ៖ ចន្ទ លីហ្សា
