ប្រជាពលរដ្ឋប្រគល់វត្ថុបុរាណដល់អាជ្ញាធរជាតិព្រះវិហារ រួមមានដងខ្លួនទេពស្រី និងខួចដីដុតអាយុកាលជាង១០០០ឆ្នាំ

ប្រជាពលរដ្ឋប្រគល់វត្ថុបុរាណដល់អាជ្ញាធរជាតិព្រះវិហារ រួមមានដងខ្លួនទេពស្រី និងខួចដីដុតអាយុកាលជាង១០០០ឆ្នាំ

ខេត្តព្រះវិហារ៖ អាជ្ញាធរជាតិព្រះវិហារ បានទទួលវត្ថុបុរាណចំនួន៣ ពីប្រជាពលរដ្ឋសហគមន៍កន្ទួត ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីយកទៅរក្សាទុក អភិរក្ស និងសិក្សាស្រាវជ្រាវបន្ត។

វត្ថុបុរាណ

នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ លោក ផេង សំអឿន អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ បានដឹកនាំមន្ត្រីអាជ្ញាធរជាតិព្រះវិហារ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ធ្វើការប្រគល់ទទួលវត្ថុបុរាណទាំងនេះនៅវត្តកន្ទួត ភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ការប្រគល់ទទួលវត្ថុបុរាណ

អ្នកជំនាញអាជ្ញាធរជាតិព្រះវិហារ បានបញ្ជាក់ថា វត្ថុបុរាណទាំងនោះរួមមាន៖ ដងខ្លួនទេពស្រីចំនួន១ធ្វើអំពីថ្មភក់ រចនាបទកោះកេរ សតវត្សទី១០ និងខួចចំនួន២ធ្វើពីដីដុត សតវត្សទី១១-១២ ដែលមានប្រភពមកពីភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ដងខ្លួនទេពស្រីថ្មភក់

ក្នុងពេលទទួលវត្ថុបុរាណនោះ ក៏ប្រទះឃើញសិលាចារឹកចំនួន១ផ្ទាំង យកមកពីប្រាសាទព្រៃស្វាយ ស្ថិតនៅខាងត្បូងឆៀងខាងលិចភូមិកន្ទួតប្រមាណជា៣គីឡូម៉ែត្រ។ សិលាចារឹកនោះបានចារលើស៊ុមទ្វារប្រាសាទ មានអក្សរចំនួន៣១បន្ទាត់ ជាភាសាខ្មែរបុរាណ។

សិលាចារឹកបុរាណ

អាជ្ញាធរជាតិព្រះវិហារ សូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសហការប្រគល់វត្ថុបុរាណដោយស្ម័គ្រចិត្ត ដើម្បីយកមករក្សាទុក និងសិក្សាបន្តនៅសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ។

សារមន្ទីរព្រះវិហារ

ការប្រគល់វត្ថុបុរាណមកអ្នកជំនាញរក្សាទុក និងអភិរក្សនេះ បង្ហាញអំពីស្មារតីក្នុងការចូលរួមកិច្ចការពារវត្ថុបុរាណរបស់បុព្វបុរសខ្មែរ និងលើកតម្លៃមរតកវប្បធម៌ជាតិ៕

ប្រភព៖ (ទទក)

administrator

Related Articles