ភ្នំពេញ ៖ ក្រោមការដឹកនាំស្រាវជ្រាវជំនាញដោយ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការរាជធានីភ្នំពេញ និងលោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងចម្រុះបានចុះប្រតិបត្តិការត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ (Online Scams) នៅសណ្ឋាគារ ប៊ីផ្លិស អគារលេខ ៥៥ ផ្លូវលេខ ១១៣ ភូមិ២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្រុមការងារចម្រុះដឹកនាំដោយ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា លោក ឧត្តមសេនីយ៍ត្រី ស ថេន ស្នងការរង និងលោក ថេង សុថុល អភិបាលខណ្ឌ៧មករា ព្រមទាំងកម្លាំងអាវុធហត្ថខណ្ឌ៧មករា និងដោយមានការសម្របសម្រួលពី លោកស្រី ភី ស៊ីថន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

តាមការត្រួតពិនិត្យជាក់ស្ដែង ទីតាំងនេះជាសណ្ឋាគារកម្ពស់ ៩ជាន់ មាន ៤០បន្ទប់។ កម្លាំងសមត្ថកិច្ចបានរកឃើញជនបរទេសសរុប ៥៥នាក់ (ស្រី ៩នាក់) ជាជនជាតិឥណ្ឌូនេស៊ីទាំងអស់។ សម្ភារៈដកហូតរួមមាន៖ ទូរស័ព្ទដៃ ២៨០គ្រឿង, Laptop ៨គ្រឿង, លិខិតឆ្លងដែនឥណ្ឌូនេស៊ី ៣០ច្បាប់ និងរថយន្តម៉ាក ALPHARD ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ-2CC-3190។

លទ្ធផលកោសលវិច័យបានរកឃើញរូបភាពនារីស្រស់ស្អាត និង Script ដែលបង្រៀនពីការនិយាយលួងលោមបែបស្នេហា ដែលបង្ហាញថាជនសង្ស័យបានប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ (Online Scams) ក្រោមទម្រង់ Romance Scams ដែលជនរងគ្រោះស្ថិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ដោយ ៖ សិលា
