ទីក្រុងព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើសារអបអរសាទរដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃទី៨ ឧសភា ក្នុងឱកាសរំលឹកខួបជ័យជម្នះលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២។
តាមរយៈសារនោះ លោក គីម បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ទីក្រុងព្យុងយ៉ាងចំពោះសន្ធិសញ្ញាការពារជាតិទៅវិញទៅមក និងការពង្រឹងទំនាក់ទំនងជាមួយទីក្រុងមូស្គូ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយកាលពីថ្ងៃទី៩ ឧសភាថា លោក គីម បានសង្កត់ធ្ងន់ថា ទីក្រុងព្យុងយ៉ាងបន្ត «ដាក់អាទិភាពចម្បង» លើភាពជាដៃគូជាមួយរុស្ស៊ី ព្រមទាំងសន្យាថានឹងបំពេញកាតព្វកិច្ចក្រោមសន្ធិសញ្ញាអន្តររដ្ឋាភិបាល។
គួរបញ្ជាក់ថា រុស្ស៊ី និងកូរ៉េខាងជើងបានចុះហត្ថលេខាលើ «សន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ» កាលពីឆ្នាំ២០២៤ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ពូទីន នៅឯទីក្រុងព្យុងយ៉ាង ដែលរួមបញ្ចូលទាំងឃ្លាការពារជាតិទៅវិញទៅមក។
ទំនាក់ទំនងយោធារវាងទីក្រុងមូស្គូ និងព្យុងយ៉ាងបានពង្រឹងកាន់តែខ្លាំង ចំពេលមានជម្លោះនៅអ៊ុយក្រែនអូសបន្លាយជាងបួនឆ្នាំ។ បច្ចុប្បន្នកូរ៉េខាងជើងបានដាក់ពង្រាយកងទ័ពទៅប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី ក្នុងប្រតិបត្តិការរំដោះតំបន់ Kursk ពីការគ្រប់គ្រងរបស់អ៊ុយក្រែន៕
