សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ឱ្យដឹងថា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កំពុងជួបវិបត្តិសុខាភិបាលធ្ងន់ធ្ងរមួយទៀត បន្ទាប់ពីការផ្ទុះឡើងវិញនូវមេរោគអេបូឡាប្រភេទថ្មី ដែលបានឆក់យកជីវិតមនុស្សរហូតដល់ ៨០នាក់រួចទៅហើយ នៅក្នុងខេត្ត Ituri ភាគខាងកើតប្រទេស។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលកុងហ្គោ លោក Samuel Roger Kamba Mulamba បានបញ្ជាក់ថា ការធ្វើតេស្តនៅថ្ងៃព្រហស្បតិ៍ បានរកឃើញករណីឆ្លងមេរោគ Bundibugyo ចំនួន ៨ករណី នៅតាមទីក្រុង Rwampara, Mongwalu និង Bunia។ បច្ចុប្បន្ននេះ មានករណីសង្ស័យឆ្លងមេរោគរហូតដល់ ២៤៦ករណី ដែលជាសញ្ញាបង្ហាញពីការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺដ៏សាហាវនេះ។
ការផ្ទុះឡើងនេះ ត្រូវបានគេសង្ស័យថាមានប្រភពចេញពីគិលានុបដ្ឋាយិកាម្នាក់ ដែលបានស្លាប់នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Evangelical ក្នុងទីក្រុង Bunia បន្ទាប់ពីបង្ហាញរោគសញ្ញាដូចជា គ្រុនក្តៅខ្លាំង ហូរឈាម ក្អួត និងអស់កម្លាំងធ្ងន់ធ្ងរ។

ជាការឆ្លើយតបបន្ទាន់ រដ្ឋាភិបាលកុងហ្គោបានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈ ពង្រឹងការតាមដានរាតត្បាត បន្ថែមមន្ទីរពិសោធន៍ និងបានបញ្ជាឱ្យដាក់ពង្រាយក្រុមឆ្លើយតបរហ័សទៅកាន់តំបន់រងគ្រោះ។
ទន្ទឹមនេះ ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក កំពុងកោះប្រជុំបន្ទាន់មួយ ដោយមានការចូលរួមពីកុងហ្គោ អ៊ូហ្គង់ដា ស៊ូដង់ខាងត្បូង និងដៃគូអន្តរជាតិ ក្នុងគោលបំណងពង្រឹងការឃ្លាំមើល ការត្រៀមលក្ខណៈ និងកិច្ចសហការឆ្លើយតបឆ្លងព្រំដែន ដើម្បីទប់ស្កាត់កុំឱ្យជំងឺដ៏កាចសាហាវនេះរីករាលដាលបន្ថែមទៀត៕
