អន្តរជាតិ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានថ្លែងថា រូបលោកទទួលបានជោគជ័យក្នុងការចរចារ «កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏អស្ចារ្យ» ជាមួយលោក ស៊ី ជីងពីង ប្រធានាធិបតីចិន បន្ទាប់ពីមេដឹកនាំទាំងពីរបានជួបពិភាក្សាគ្នាកាលពីថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ នេះ ក្នុងក្របខណ្ឌជំនួបកំពូលដ៏សំខាន់មួយ។

លោក ត្រាំ បានហោះទៅកាន់ទីក្រុងប៉េកាំង ដោយមានគោលបំណងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន កសិកម្ម អាកាសចរណ៍ និងបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងខិតខំបន្ធូរបន្ថយភាពតានតឹងផ្នែកភូមិសាស្ត្រយុទ្ធសាស្ត្រមួយចំនួន ជាពិសេសស្ថានការណ៍សង្គ្រាមនៅមជ្ឈិមបូព៌ា។
ការវិលត្រឡប់ជួបគ្នាជាថ្មីរវាងលោក ត្រាំ និងលោក ស៊ី ដែលលោកធ្លាប់ហៅថា «មេដឹកនាំដ៏អស្ចារ្យ» និង «មិត្ត» នោះ ត្រូវបានភាគីចិនស្វាគមន៍ដោយភាពស្ងប់ស្ងាត់។ ប៉ុន្តែមេដឹកនាំអាមេរិកបានលើកឡើងថា «មានរឿងល្អៗជាច្រើន» កើតចេញពីដំណើរទស្សនកិច្ចនេះ។ លោកអះអាងថា ភាគីទាំងពីរបានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏អស្ចារ្យមួយចំនួន ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ខណៈដែលលោក ស៊ី ជីងពីង បានអញ្ជើញលោក ត្រាំ ដើរកម្សាន្តក្នុងសួនច្បារ Zhongnanhai ដែលជាទីតាំងស្នាក់ការថ្នាក់ដឹកនាំកណ្តាលក្រុងប៉េកាំង។

ទាក់ទងនឹងសង្គ្រាមនៅអ៊ីរ៉ង់ លោក ត្រាំ បានលាតត្រដាងប្រាប់ទូរទស្សន៍ Fox News ថា លោក ស៊ី ជីងពីង បានធានាយ៉ាងម៉ឺងម៉ាត់ថា ប្រទេសចិននឹងមិនផ្តល់ជំនួយផ្នែកយោធាដល់ទីក្រុងតេអេរ៉ង់ ដែលកំពុងបិទច្រកសមុទ្រហ័រមូសនោះឡើយ។ នេះត្រូវបានគេចាត់ទុកជាសញ្ញាវិជ្ជមានមួយនៅក្នុងជំនួបនេះ។
ជាចុងក្រោយ ក្នុងអំឡុងជំនួប លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់លោក ស៊ី ជីងពីង ថា ទំនាក់ទំនងអាមេរិក-ចិន បច្ចុប្បន្ននេះ ពិតជាមានភាពរឹងមាំខ្លាំងណាស់៕
