សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការខេត្តកំពត-កែបជាង១.១៨២នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការខេត្តកំពត-កែបជាង១.១៨២នាក់

ខេត្តកំពត៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពត-ខេត្តកែប ចំនួន ១,១៨២នាក់ នៅសាលាខេត្តកំពត។

សម្តេចតេជោ ហ៊ុន សែន

លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា គោលដៅនៃការចុះជួបនេះ គឺដើម្បីពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ជំរុញការងារមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កំពត និងកែបជាគោលដៅទី៥ បន្ទាប់ពីខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ និងតាកែវ។ សម្តេចបានកោតសរសើរពីសក្ដានុពលរបស់ខេត្តទាំងពីរ ដែលមានឧស្សាហកម្មធុនធ្ងន់ច្រើន ដូចជា រោងចក្រស៊ីម៉ងត៍ និងវារីអគ្គិសនី ព្រមទាំងការផលិតអំបិលដែលជាផលិតផលពិសេស។

រូបភាពទី២

សម្តេចតេជោបានណែនាំដល់អាជ្ញាធរខេត្តកំពត ជំរុញផ្សព្វផ្សាយដល់អ្នកផលិតអំបិលឱ្យចូលរួមផលិតអំបិលអ៊ីយ៉ូត ដើម្បីកាត់បន្ថយជំងឺពកកដល់ប្រជាពលរដ្ឋ។

រូបភាពទី៣

សម្តេចក៏បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីបម្រើប្រជាជន ផ្តល់សេវាចាំបាច់ឱ្យបានលឿនរហ័ស ជាពិសេសការធ្វើបណ្ណកម្មសិទ្ធិដីធ្លី។

រូបភាពទី៤

សម្តេចតេជោបានរំលឹកដល់អាជ្ញាធរឱ្យបន្តយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធជនពលី ពិការ និងអតីតយុទ្ធជន ព្រមទាំងពិនិត្យផ្តល់អាហារូបករណ៍ដល់កូនៗរបស់ពួកគេ។

រូបភាពទី៥

សម្ដេចតេជោក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានចូលរួមថែរក្សាធនធានធម្មជាតិ ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងក្រើនរំលឹកដល់មន្ត្រីទាំងអស់ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ ដោយត្រូវចងចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»។

រូបភាពទី៦

សម្តេចតេជោក៏បានរំលឹកឱ្យអាជ្ញាធរខេត្តកំពតបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែនជាមួយវៀតណាម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរ។

រូបភាពទី៧

ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់នៃខេត្តកំពត និងកែប ដែលបានរួមសហការអភិវឌ្ឍខេត្តទាំងពីរឱ្យរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឱ្យជួបតែសេចក្តីសុខ ចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕

រូបភាពទី៨
រូបភាពទី៩
រូបភាពទី១០
រូបភាពទី១១
រូបភាពទី១២
រូបភាពទី១៣
រូបភាពទី១៤
រូបភាពទី១៥
រូបភាពទី១៦

ដោយ៖ សិលា

administrator

Related Articles