ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ១គ្រឿង និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់។

លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានឱ្យដឹងថា នៅវេលាម៉ោង ២២:៣០នាទី ថ្ងៃទី៧ ឧសភា ២០២៦ កម្លាំងអធិការដ្ឋានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ មឿន លីហុង ភេទស្រី អាយុ១៦ឆ្នាំ ថាមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានលួចម៉ូតូម៉ាក HONDA Zomer X ពណ៌ស លាយទឹកក្រូច ដែលបញ្ឈរទុកនៅមុខបន្ទប់ជួលក្នុងភូមិពោធិ៍២ ឃុំគារ ដោយពុំចាក់សោរក។
ក្រោយទទួលបណ្ដឹង កម្លាំងជំនាញព្រហ្មទណ្ឌ រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលគារ បានចុះស្រាវជ្រាវរហូតដល់វេលាម៉ោង ១២:២០នាទី ថ្ងៃទី៨ ឧសភា ២០២៦ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡូញ ឡាញ់ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិចុងសំណាយ ឃុំជ្រៃ។

ក្រោយសាកសួរ ជនសង្ស័យបានសារភាពថាពិតជាបានលួចម៉ូតូមែន។ វត្ថុតាងដកហូតរួមមាន៖ ម៉ូតូ HONDA Zomer X, ទូរស័ព្ទ iPhone 12 Pro Max, ផាវវ៉ើបែងពណ៌ខ្មៅ, កូនសោរ និងមួកសុវត្ថិភាព។ ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តដើម្បីចាត់ការតាមច្បាប់៕
