ភ្នំពេញ៖ ការបើកច្រកព្រំដែនរវាងកម្ពុជា និងថៃ ជាបញ្ហាសំខាន់ដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ច សន្តិសុខ ការទូត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន។ ទោះបីការបើកច្រកអាចជួយសម្រួលពាណិជ្ជកម្ម ការធ្វើដំណើរ និងការផ្លាស់ប្តូរវប្បធម៌ក៏ដោយ ក៏បើបញ្ហាព្រំដែននៅមិនទាន់មានភាពច្បាស់លាស់ និងខ្វះទំនុកចិត្តគ្នាទៅវិញទៅមក នោះការបើកច្រកអាចនាំឲ្យកើតមានជម្លោះ និងបញ្ហាថ្មីៗបន្ថែមទៀត។

ជំហានដំបូង គណៈកម្មការព្រំដែនគ្រប់កម្រិតនៃភាគីទាំងពីរត្រូវតែចូលធ្វើការជាប្រចាំ ដោយទៀងទាត់ តម្លាភាព និងស្មោះត្រង់។ កន្លងមក បញ្ហាជាច្រើននៅតាមព្រំដែនកើតឡើងដោយសារការខ្វះការសម្របសម្រួល និងការយឺតយ៉ាវក្នុងការដោះស្រាយ។ បើគណៈកម្មការទាំងពីរអាចធ្វើការរួមគ្នាបានល្អ មានការជួបប្រជុំទៀងទាត់ និងគោរពគ្នាទៅវិញទៅមក នោះបញ្ហាតូចៗនឹងមិនរីកធំទៅជាវិបត្តិធ្ងន់ធ្ងរឡើយ។
ជំហានទីពីរ ត្រូវចុះវាស់វែងព្រំដែនឲ្យបានច្បាស់លាស់ និងអនុវត្តតាមកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា។ ភាគីថៃគួរតែរុះរើសម្ភារៈចេញពីតំបន់វិវាទ និងដាក់ទៅកន្លែងដែលបានកំណត់ព្រំដែនរួចរាល់តាមផ្លូវច្បាប់។ ការធ្វើបែបនេះ នឹងបង្ហាញពីឆន្ទៈល្អ និងការគោរពអធិបតេយ្យភាពរបស់គ្នាទៅវិញទៅមក។

ជំហានទីបី គឺការបង្កើតសមាគមអ្នកសារព័ត៌មាន និងអ្នកប្រវត្តិសាស្ត្រកម្ពុជា-ថៃ ដើម្បីផ្សព្វផ្សាយព័ត៌មានពិត និងលើកកម្ពស់ការយល់ដឹងរវាងប្រជាជនទាំងពីរ។ បញ្ហាព្រំដែនតែងត្រូវបានបំផ្លើស ឬបកស្រាយក្នុងទិសដៅជាតិនិយមជ្រុល ដែលអាចបង្កឲ្យមានការខឹងសម្បា និងស្អប់គ្នា។ កិច្ចសហការផ្សព្វផ្សាយព័ត៌មានផ្អែកលើការពិត នឹងជួយកាត់បន្ថយព័ត៌មានមិនពិត និងការញុះញង់ក្នុងសង្គម។
ជាទូទៅ ការបើកច្រកព្រំដែនមិនគួរធ្វើឡើងដោយប្រញាប់ប្រញាល់ ឬផ្អែកតែលើផលប្រយោជន៍សេដ្ឋកិច្ចរយៈពេលខ្លីនោះទេ។ អ្វីដែលសំខាន់ជាងគេ គឺការកសាងមូលដ្ឋាននៃទំនុកចិត្ត ភាពយុត្តិធម៌ និងការគោរពអធិបតេយ្យភាពរបស់គ្នាទៅវិញទៅមក។ នៅពេលដែលបញ្ហាព្រំដែនត្រូវបានដោះស្រាយដោយសន្តិវិធី និងតម្លាភាព នោះការបើកច្រកព្រំដែននឹងក្លាយជានិមិត្តរូបនៃមិត្តភាព កិច្ចសហប្រតិបត្តិការ និងការរីកចម្រើនរួមរវាងកម្ពុជា និងថៃ មិនមែនជាប្រភពនៃជម្លោះដូចអតីតកាលឡើយ៕
