ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបើកប្រតិបត្តិការឆ្មក់បង្រ្កាបភោជនីយដ្ឋានបាបារាំងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១០៤ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣០ នាទី ដោយបានឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ រួមទាំងថៅកែហាង និងវត្ថុតាងមួយចំនួន ពាក់ព័ន្ធនឹងការលួចបង្កប់ និងបំរើសេវាផ្លូវភេទខុសច្បាប់។

តាមប្រភពពីកម្លាំងសមត្ថកិច្ចជំនាញបានបង្ហើបឲ្យដឹងថា ទីតាំងភោជនីយដ្ឋានបាបារាំងខាងលើនេះ ធ្លាប់ត្រូវបានអង្គការមួយចុះស៊ើបអង្កេតជាច្រើនលើករួចមកហើយ មុននឹងរាយការណ៍បន្តមកកាន់កម្លាំងជំនាញ រហូតឈានដល់ការបង្រ្កាបជាក់ស្តែងនៅយប់នោះ។

ក្រោយបញ្ចប់ប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំង បុគ្គលិកនារីៗជាច្រើននាក់ និងអ្នកពាក់ព័ន្ធផ្សេងទៀត ព្រមទាំងដកហូតសម្ភារៈមួយចំនួនធំ បញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសួរនាំបន្ត។ ចំពោះអ្នកដែលមិនពាក់ព័ន្ធ សមត្ថកិច្ចនឹងបញ្ជូនឲ្យត្រឡប់ទៅផ្ទះវិញ រីឯអ្នកដែលពាក់ព័ន្ធ នឹងត្រូវចាត់ការតាមនីតិវិធីច្បាប់បន្តទៀត។

បច្ចុប្បន្ននេះ ករណីនេះកំពុងត្រូវបានសមត្ថកិច្ចជំនាញបន្តស៊ើបអង្កេត និងកសាងសំណុំរឿងចាត់ការតាមច្បាប់។


ដោយ៖ ភារ៉ា ដង្កោ
