ឃាតកម្មរន្ធត់! ពូសាច់ថ្លៃចាប់ក្មេងស្រីអាយុ៥ឆ្នាំជំរិតទារប្រាក់រហូតស្លាប់ក្នុងស្រុកស្អាង

ឃាតកម្មរន្ធត់! ពូសាច់ថ្លៃចាប់ក្មេងស្រីអាយុ៥ឆ្នាំជំរិតទារប្រាក់រហូតស្លាប់ក្នុងស្រុកស្អាង

កណ្ដាល៖ រឿងរន្ធត់មួយបានកើតឡើងកាលពីថ្ងៃទី១០ ឧសភា ២០២៦ នៅស្រុកស្អាង ខេត្តកណ្ដាល នៅពេលដែលកុមារីអាយុត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ ត្រូវបានពូសាច់ថ្លៃរបស់ខ្លួនឯងផ្ទាល់ចាប់ជំរិតយ៉ាងឃោរឃៅ ដោយចងដៃជើង និងរុំមាត់ដោយស្កុត រហូតដល់បាត់បង់ជីវិតយ៉ាងអណោចអធ័ម។

រូបភាពករណីឃាតកម្ម

ជនរងគ្រោះឈ្មោះ រតនា ម៉េងស៊ីម អាយុ៥ឆ្នាំ រស់នៅភូមិកំពង់សំណាញ់ទី១ ក្រុងតាខ្មៅ។ កុមារីរងគ្រោះបានទៅលេងស្រុកកំណើតជាមួយគ្រួសារនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង។ នៅវេលាម៉ោងប្រហែល ០៨:២៥ នាទីព្រឹក ជនសង្ស័យឈ្មោះ គឹម វណ្ណា (អាយុ៣៥ឆ្នាំ) ដែលត្រូវជាពូសាច់ថ្លៃ បានលួងលោមកុមារីឱ្យទៅញ៉ាំអំពៅនៅផ្ទះរបស់ខ្លួន។

នៅពេលដល់ផ្ទះ ជនសង្ស័យបានចាប់បីកុមារីឡើងលើផ្ទះ រួចយកស្កុតថ្លាចងដៃ ជើង និងរុំមាត់របស់ជនរងគ្រោះយ៉ាងសាហាវ មុននឹងលើកដាក់ចូលទៅក្នុងគ្រែប្រអប់ ហើយយកពូកសង្កត់ពីលើចំនួនពីរជាន់ថែមទៀត។ ក្រោយមក ជនសង្ស័យបានឆាតសារជំរិតទារប្រាក់ពីម្តាយជនរងគ្រោះចំនួន ១ម៉ឺនដុល្លារ តាមរយៈវីងដោយគំរាមថាបើលើសពីមួយម៉ោង សុំឱ្យមកយកសពវិញ។

សមត្ថកិច្ចនគរបាលស្រុកស្អាង និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល បានប្រញាប់ប្រញាល់ស្រាវជ្រាវភ្លាមៗបន្ទាប់ពីទទួលបានពាក្យបណ្តឹង។ លុះដល់ម៉ោង ១៦:២៥ នាទី កម្លាំងសមត្ថកិច្ចបានឆែកឆេរផ្ទះជនសង្ស័យ ទើបប្រទះឃើញសពកុមារីរងគ្រោះនៅក្នុងគ្រែប្រអប់ក្រោមពូក ខណៈដែលដំបូងជនសង្ស័យមិនព្រមសារភាពឡើយ ប៉ុន្តែក្រោយពេលប្រទះឃើញសព ទើបសារភាពថាធ្វើសកម្មភាពតែម្នាក់ឯង។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមច្បាប់។

administrator

Related Articles