ខេត្តកណ្តាល៖ មន្ត្រីនគរបាលអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានឱ្យដឹងនៅថ្ងៃទី១០ ខែឧសភានេះថា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការក្នុងករណីគាស់ផ្ទះ នៅភូមិព្រែកដូង២ និងភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

លោកវរសេនីយ៍ត្រីទោ ប៉ា ច័ន្ទវិសាល អធិការរងស្រុកផ្នែកយុត្តិធម៌បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ៩:៣០នាទី ខណៈជនរងគ្រោះឈ្មោះ សុឹក សំរេច និងភរិយាបានទៅធ្វើការទុកផ្ទះចាក់សោ ជនសង្ស័យបានវាយកញ្ចក់ទ្វារផ្ទះចូលលួចទ្រព្យ។

ជនរងគ្រោះមានចំនួន៣នាក់ រួមមាន៖ ឈ្មោះ សុឹក សំរេច (អាយុ៤២ឆ្នាំ), ឈ្មោះ អុន ធីម (អាយុ៥៣ឆ្នាំ) និងឈ្មោះ ធឿន វុទ្ធី (អាយុ៤១ឆ្នាំ)។ សម្ភារបាត់បង់សរុបរួមមាន៖ ចិញ្ចៀនមាស១វង់ទម្ងន់០៥ជី, ខ្សែកមាសចំនួន៣ខ្សែ, កងដៃមាស១ឈុត០៧កង និងប្រាក់ខ្មែរសរុប១.២០០.០០០រៀល។

ក្រោយទទួលពាក្យបណ្តឹង សមត្ថកិច្ចបានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៉ែន វ៉ាន់ឌី (អាយុ៣៨ឆ្នាំ) មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។ សម្ភារចាប់យករួមមាន៖ ម៉ូតូ១គ្រឿងម៉ាក ZOOMER X, ទូរស័ព្ទដៃ២គ្រឿង, ខ្សែកមាសបណ្តោងចែ២គ្រាប់, ចិញ្ចៀនមាសត្បូងពណ៌ស និងនាឡិកាម៉ាក GICIKI។
នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ កម្លាំងផ្នែកយុត្តិធម៌ស្រុកកៀនស្វាយបានបញ្ជូនខ្លួនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ សូរិយា
