ខេត្តកំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានប្រកាសពីការបង្ក្រាបករណីជួញដូរ ប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ប្រុស-ស្រី កាលពីថ្ងៃទី៣ និងទី៤ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងមូលដ្ឋានក្រុងឧដុង្គម៉ែជ័យ ដឹកនាំដោយលោកវរសេនីយ៍ត្រី សេង រ៉ាម៉ូវ ចុះបង្ក្រាបនៅចំណុចផ្លូវ៥១ ភូមិក្នុងវាំង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ។

ក្នុងដំណាក់កាលទី១ កាលពីវេលាម៉ោង ១៥:៣៦ នាទី ថ្ងៃទី៣ ឧសភា កម្លាំងបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ រួមមាន៖ ញិល ប៊ុនធឿន ភេទប្រុស អាយុ ៣២ឆ្នាំ ជាអ្នកគួកជេម៉ូតូ មានទីលំនៅភូមិចតុទិស ឃុំវិហារលួង ស្រុកពញ្ញាឮ ខេត្តកណ្ដាល និង ចាន់ រតនា ភេទស្រី អាយុ ២៧ឆ្នាំ ជាអ្នករត់តុហាង មានទីលំនៅភូមិព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយមក នៅវេលាម៉ោង ១០:៣៩ នាទី ថ្ងៃទី៤ ឧសភា កម្លាំងបានបន្តឃាត់ខ្លួនជនសង្ស័យបន្ថែម ០២នាក់ទៀត គឺ ភ័ណ្ឌ ស៊ីដា ភេទប្រុស អាយុ ១៨ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ និង កុប អ៊ីស្រ៊ី ភេទប្រុស អាយុ ១៧ឆ្នាំ ជាអ្នកលក់បន្លែ។

វត្ថុតាងដកហូតបានរួមមាន៖
• ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ០៥កញ្ចប់ (ទម្ងន់ ១២.៦០ក្រាម)
• ទូរសព្ទដៃ ០៥គ្រឿង
• ជញ្ជីងអេឡិចត្រូនិចថ្លឹងគ្រឿងញៀន ០១គ្រឿង
• ម៉ូតូ ០២គ្រឿង (ម៉ាក Suzuki Rider និង Dream 2026)
• កូនកាបូប ០២, កាបូបស្ពាយ ០២, នាឡិកាដៃ ០៣ (ខូច ០២)
• សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត


បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។
ដោយ៖ សូរិយា
