ភ្នំពេញ៖ រឿងរ៉ាវក្ដៅគគុកលើបណ្ដាញសង្គមក្រោយពេលម្ចាស់គណនីឈ្មោះ Rattanak Mean បានចោទប្រកាន់យ៉ាងធ្ងន់ធ្ងរពីសកម្មភាពរបស់មន្ត្រីគយនៅប្រៃសណីយ៍ ដោយចោទថាមានការយកមន្ត្រីចូលនិវត្តន៍ និងមន្ត្រីជាប់កិច្ចសន្យាឱ្យស្លៀកពាក់ស៊ីវិលមកបំពេញការងារវាយតម្លៃពន្ធ និងទារប្រាក់ក្រោមតុ។

តាមការចុះផ្សាយ គេលើកឡើងថា អ្នកស្រី ប៊ុននី សុជាតា ប្រធានការិយាល័យគយ និងរដ្ឋាករប្រៃសណីយ៍ បានឱ្យលោកពូបូរ៉ា (អតីតមន្ត្រីចាស់ទុំចូលនិវត្តន៍) និងឈ្មោះទូច (មន្ត្រីជាប់កិច្ចសន្យា) ស្លៀកស៊ីវិលចាំទទួលភ្ញៀវមកយកឥវ៉ាន់។ ការចោទនេះបញ្ជាក់ថា ប្រសិនបើពលរដ្ឋព្រមបង់ក្រៅផ្លូវការ ទំនិញត្រូវបានអនុញ្ញាតឱ្យយកចេញ តែបើតវ៉ាវិញត្រូវទទួលរងសម្ពាធ និងការវាយតម្លៃពន្ធខ្ពស់ហួសហេតុ។
ម្ចាស់គណនី Rattanak Mean បានសរសេរយ៉ាងអាសន្នថា៖ «ទីនេះមានឈ្លើងទាមជាប់ប្រៃសណីយ៍កម្ពុជា… ឥវ៉ាន់តម្លៃ ៥០-៦០ដុល្លារ វាគុណគូរឡើងតម្លៃជិត ១០០ដុល្លារ ចាប់បង់ពន្ធ ៦១ដុល្លារ»។ លោកថែមទាំងណែនាំឱ្យប្រជាពលរដ្ឋចៀសវាងប្រើប្រាស់សេវានេះ ដោយប្រើ #ចៀសបានចៀសទៅEMS ។

ក្រោយព្រឹត្តិការណ៍នេះ ខាងអង្គភាពប្រៃសណីយ៍បានហៅម្ចាស់គណនីមកសហការពន្យល់ ដោយបញ្ជាក់ថាការងារប្រៃសណីយ៍ និងគយគឺដាច់ដោយឡែកពីគ្នា ក្រោមការគ្រប់គ្រងរបស់ក្រសួងផ្សេងគ្នា។
អ្នកស្រី ប៊ុននី សុជាតា បានឆ្លើយតបយ៉ាងខ្លីតាមទូរស័ព្ទទៅកាន់មជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» កាលពីថ្ងៃទី១១ ឧសភា ២០២៦ ដោយបដិសេធថា៖ «អ្នកស្រីមិនមានយកមន្ត្រីជាប់កិច្ចសន្យា ឬមន្ត្រីចូលនិវត្តន៍ណា ឱ្យស្លៀកពាក់ស៊ីវិលមកធ្វើការវាយតម្លៃពន្ធដូចការចោទប្រកាន់នោះទេ»៕

