ភ្នំពេញ៖ ដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូរ និងជំរុញប្រសិទ្ធភាពសេវាសាធារណៈ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញសេចក្តីជូនដំណឹងលេខ ១៧៤៩ ណែនាំរដ្ឋបាលថ្នាក់ក្រោមជាតិពង្រឹងវិស័យសំខាន់ៗចំនួន ៤។

១. ពង្រឹងវិន័យ និងរបៀបធ្វើការ
ប្រមុខក្រសួងមហាផ្ទៃ ណែនាំឱ្យមន្ត្រីរាជការគ្រប់រូបគោរពម៉ោងការងារ និងឋានានុក្រមឱ្យបានខ្ជាប់ខ្ជួន ដោយប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ភាពស្មោះត្រង់ និងឥរិយាបថរាក់ទាក់ចំពោះប្រជាពលរដ្ឋ។ ទន្ទឹមនេះ តម្រូវឱ្យប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងរៀបចំឯកសារឱ្យមានសណ្តាប់ធ្នាប់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ។

២. ការរៀបចំពិធីការ និងកិច្ចប្រជុំ
រាល់កិច្ចប្រជុំផ្លូវការត្រូវរៀបចំឱ្យស្របតាមពិធីការសង្គម រួមមានការដំឡើងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងព្រះបរមឆាយាលក្ខណ៍ឱ្យបានត្រឹមត្រូវ។ ការរៀបចំកន្លែងអង្គុយតាមឋានានុក្រម និងការផ្តល់ឯកសារជាមុន គឺចាំបាច់ដើម្បីធានាភាពរលូននៃកិច្ចប្រជុំ។
៣. ការប្រើប្រាស់ឯកសណ្ឋាន និងសេចក្តីថ្លៃថ្នូរ
មន្ត្រី និងសមាជិកក្រុមប្រឹក្សាត្រូវប្រើសម្លៀកបំពាក់សុភាព សមរម្យតាមតួនាទី។ ក្នុងពិធីបុណ្យជាតិ និងកិច្ចប្រជុំសំខាន់ៗ ត្រូវស្លៀកឯកសណ្ឋានពេញលេញ និងពាក់ប័ណ្ណសម្គាល់ខ្លួនជាប្រចាំ។

៤. ការលើកកម្ពស់សោភណភាព និងបរិស្ថាន
លោកអភិសន្តិបណ្ឌិត ណែនាំរដ្ឋបាលគ្រប់ថ្នាក់យកចិត្តទុកដាក់លើអនាម័យទីតាំងការងារ ជាពិសេសបន្ទប់ទឹក និងបរិវេណជុំវិញ។ ព្រមទាំងជំរុញចលនា «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ផ្នែកបរិស្ថាន។
ជាការលើកទឹកចិត្ត ក្រសួងមហាផ្ទៃក៏បានណែនាំឱ្យបង្កើតយន្តការវាយតម្លៃ និងផ្តល់បណ្ណសរសើរដល់មូលដ្ឋានដែលមានបរិស្ថានស្អាត និងការអនុវត្តល្អប្រចាំឆ្នាំ។ ការអនុវត្តនេះ មិនត្រឹមតែជួយឱ្យអង្គភាពមានរបៀបរៀបរយទេ ប៉ុន្តែថែមទាំងកសាងទំនុកចិត្ត និងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋផងដែរ។
ដោយ៖ កញ្ញា សេង សុខហ៊ុន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ
