ខេត្តបាត់ដំបង៖ តុលាការខេត្តបាត់ដំបងបានសម្រេចចេញដីកាដោះលែងលោក សាន ប៊ុនលក អាយុ៣៧ឆ្នាំ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណីឆក់ត្រីខុសច្បាប់។

លោក សាន ប៊ុនលក ជាអ្នករស់នៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានប្រពន្ធ និងកូនតូចៗចំនួន៤នាក់។ ដោយសារជីវភាពខ្វះខាត បញ្ហាក្រពះ និងសេដ្ឋកិច្ចគ្រួសារលំបាក គាត់ត្រូវបានបង្ខំចិត្តទៅឆក់ត្រីដើម្បីយកមកចិញ្ចឹមគ្រួសារ។

បន្ទាប់ពីបានពិនិត្យឃើញពីស្ថានភាពលំបាកពិតប្រាកដរបស់គាត់ ចៅក្រមបានសម្រេចដោះលែងលោកឲ្យត្រឡប់ទៅផ្ទះវិញ ព្រមទាំងបានណែនាំដល់លោកឲ្យបញ្ឈប់សកម្មភាពឆក់ត្រីខុសច្បាប់ ហើយងាកមកប្រកបរបរនេសាទដោយប្រើឧបករណ៍ស្របច្បាប់វិញ។

គួរបញ្ជាក់ថា ថ្នាក់ដឹកនាំបានមើលឃើញពីស្ថានភាពលំបាកពិតប្រាកដរបស់គាត់ និងបានអនុញ្ញាតឲ្យដោះលែងគាត់ពីពន្ធនាគារនៅថ្ងៃនេះ។ ទោះជាយ៉ាងណា យើងមិនលើកទឹកចិត្ត និងមិនគាំទ្រការឆក់ត្រីជាទង្វើខុសច្បាប់ឡើយ។

អាជ្ញាធរត្រូវបង្កើនការអប់រំប្រជាជនមូលដ្ឋានឲ្យយល់ដឹងពីផ្លូវច្បាប់ និងជំរុញពួកគាត់ងាកមកនេសាទដោយប្រើឧបករណ៍ដែលច្បាប់ជលផលអនុញ្ញាត។

ដោយ៖ សិលា
