ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយគម្លាតគុណភាពអប់រំរវាងតំបន់ទីប្រជុំជន និងតំបន់ដាច់ស្រយាល ព្រមទាំងរួមចំណែកពង្រឹងការអភិវឌ្ឍធនធានមនុស្សសម្រាប់អនាគតជាតិ។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីនេះ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ លោកបញ្ជាក់ថា នេះជាជំហានយុទ្ធសាស្ត្រថ្មីមួយក្នុងការធ្វើបរិវត្តកម្មឌីជីថលលើវិស័យអប់រំនៅកម្ពុជា ដោយផ្ដល់ឱកាសឱ្យសិស្សានុសិស្សទទួលបានចំណេះដឹង និងវិធីសាស្ត្របង្រៀនតាមស្ដង់ដាពីគ្រូឧទ្ទេសដែលមានបទពិសោធន៍ខ្ពស់ក្នុងពេលជាក់ស្ដែង ទោះបីជាស្ថិតនៅទីកន្លែងផ្សេងគ្នាក៏ដោយ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានណែនាំដល់មន្ទីរអប់រំទាំង ២៥ រាជធានី-ខេត្ត ឱ្យបន្តផ្សព្វផ្សាយ និងជំរុញដល់សិស្សានុសិស្សទូទាំងប្រទេសឱ្យបង្កើនការធ្វើស្វ័យសិក្សា និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ដូចជាការរៀនតាមរយៈ Live Teaching និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីជាឧបករណ៍ជំនួយដ៏មានប្រសិទ្ធភាពក្នុងការរៀនសូត្រ និងពង្រឹងសមត្ថភាពភាសាបរទេស។

លោកថ្លែងថា «ការរួមបញ្ចូលគ្នារវាងការខិតខំប្រឹងប្រែងរបស់សិស្ស ជាមួយនឹងការប្រើប្រាស់ AI និងការរៀនតាមបែប Live Teaching នឹងជួយត្រៀមលក្ខណៈឱ្យសិស្សានុសិស្សកម្ពុជាគ្រប់រូបមានសមត្ថភាពពេញលេញក្នុងការប្រកួតប្រជែងក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល និងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍធនធានមនុស្សសម្រាប់អនាគតជាតិ»។
លោកក៏បានណែនាំឱ្យក្រុមការងារចុះជួយសាលាឥន្ទ្រទេវី និងសាលារៀនគោលដៅ បន្តកិច្ចសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីពង្រីកវិសាលភាពនៃវិធីសាស្ត្របង្រៀនបែបថ្មីតាមស្ដង់ដាសាលារៀនជំនាន់ថ្មី ព្រមទាំងជំរុញឱ្យមានការផលិតវីដេអូមេរៀនឱ្យបានទូលំទូលាយសម្រាប់គ្រូ និងគរុសិស្ស។
បើតាមលោករដ្ឋមន្រ្តី ដើម្បីឱ្យការកែលម្អសាលារៀន និងប្រព័ន្ធអប់រំជារួមទទួលបានជោគជ័យ គឺចាំបាច់ត្រូវផ្ដោតលើការរួមផ្សំនៃកត្តាសំខាន់ៗចំនួន ៥ រួមមាន (១) ការចូលរួមគាំទ្រពីរាជរដ្ឋាភិបាល (២) ហេដ្ឋារចនាសម្ព័ន្ធល្អ (៣) ភាពជាអ្នកដឹកនាំរបស់នាយកសាលា (៤) សមត្ថភាពវិជ្ជាជីវៈរបស់គ្រូបង្រៀន និង (៥) ការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស។
អត្ថបទ៖ សំអឿន
