បង្ក្រាបផ្ទាល់! ក្រុមចោរកាច់សោកម៉ូតូ ៤នាក់ ត្រូវបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ

បង្ក្រាបផ្ទាល់! ក្រុមចោរកាច់សោកម៉ូតូ ៤នាក់ ត្រូវបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យចំនួន ០៤នាក់ ទៅកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ក្រោយពីបានឃាត់ខ្លួនក្នុងករណីលួចកាច់សោកម៉ូតូដ៏រំពឹងរន្ធត់។

ជនសង្ស័យ

តាមប្រភពព័ត៌មានពីសមត្ថកិច្ច កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ខាំ ណយស្រីលក្ខ ភេទស្រី អាយុ២០ឆ្នាំ ថាបាត់ម៉ូតូនៅវេលាម៉ោង០៣:៣០នាទី ថ្ងៃដដែល នៅចំណុចបន្ទប់ជួលក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

វត្ថុតាង

ក្រោយទទួលបណ្ដឹង កម្លាំងក្រោមការដឹកនាំរបស់លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋាន បានចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននៅថ្ងៃទី០៩ ខែឧសភា និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ រួមមាន៖ ១- ឌី វណ្ណីអាស្ទេវិន (អាយុ១៨ឆ្នាំ), ២- វី ដាវីត (អាយុ១៨ឆ្នាំ), ៣- ហាក់ តាំងឆេង (អាយុ២៣ឆ្នាំ), ៤- ផេង ភី (អាយុ២១ឆ្នាំ)។

វត្ថុតាងបន្ថែម

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូម៉ាកស្គូពី ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ចំនួន ០១គ្រឿង និងទុលល្វីសកែច្នៃមុខស្រួចប្រវែង២៥សង់ទីម៉ែត្រ ដែលក្រុមជនសង្ស័យបានប្រើប្រាស់សម្រាប់ដោះបំបែក និងកាច់ផ្លាកលេខម៉ូតូ។

ការបញ្ជូនជនសង្ស័យ

លោកអនុសេនីយ៍ឯក តិល តៃលីវ បានឱ្យដឹងថា ក្រោយសួរនាំ ជនសង្ស័យបានសារភាពថាពិតជាបានលួចកម៉ូតូរបស់ជនរងគ្រោះមែន។ ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាងច្បាស់លាស់ កម្លាំងមូលដ្ឋានបានកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានខេត្ត។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានបញ្ជាក់ថា ការបង្ក្រាបនេះទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង ០៤នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។ ចំណែកម៉ូតូវិញ ត្រូវបានប្រគល់ជូនជនរងគ្រោះវិញដោយជោគជ័យ។

ដោយ៖ វណ្ណា

administrator

Related Articles