ជនបរទេសជិត ៤,០០០នាក់ មកពី ៣៥ សញ្ជាតិ ត្រូវបាននិរទេសចេញពីកម្ពុជា ក្នុងចំណោមនោះភាគច្រើនជាជនជាតិចិនពាក់ព័ន្ធការឆបោកអនឡាញ

ជនបរទេសជិត ៤,០០០នាក់ មកពី ៣៥ សញ្ជាតិ ត្រូវបាននិរទេសចេញពីកម្ពុជា ក្នុងចំណោមនោះភាគច្រើនជាជនជាតិចិនពាក់ព័ន្ធការឆបោកអនឡាញ

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងប្រតិបត្តិការបោសសម្អាតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ កម្ពុជាបានបណ្ដេញចេញជនបរទេសសរុប ៣,៦៨៤ នាក់ (ស្រី ៤៨៩ នាក់) មកពី ៣៥ សញ្ជាតិផ្សេងៗគ្នា ដែលបានប្រព្រឹត្តបទល្មើសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជនបរទេសត្រូវបាននិរទេស

ក្នុងចំណោមជនបរទេសទាំងនោះ មានជនជាតិចិនរហូតដល់ ១,៩៦៨ នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោ។

ការនិរទេសជនបរទេស

ជនបរទេសដែលត្រូវបានបណ្ដេញចេញមានសញ្ជាតិដូចជា៖ ប៊ូរុនឌី យ៉ូហ្គង់ដា មីយ៉ាន់ម៉ា ប៉ាគីស្ថាន នេប៉ាល់ បង់ក្លាដេស កាមេរូន ហ្វីលីពីន ចិន ឥណ្ឌូនេស៊ី ជប៉ុន ចិនតៃវ៉ាន់ ណាមីប៊ី សេរ៉ាឡេអូន កេនយ៉ា នីហ្សេរីយ៉ា លីប៊េរីយ៉ា កូរ៉េ ម៉ាឡេស៊ី ប៊ូគីណាហ្វាសូ ម៉ាឡាវី ឥណ្ឌា តាជីគីស្ថាន អេត្យូពី ហ្គាណា ទួកគី តូហ្គោល រវ៉ាន់ដា អាហ្រ្វិកខាងត្បូង ហ៊្សកហ្សី សិង្ហបុរី ស្រីលង្កា ស្វីស និងថៃ។

មន្ត្រីអន្ដោប្រវេសន៍កំពុងបំពេញការងារ

បន្ថែមលើសំណុំរឿងឆបោកតាមអនឡាញ ជនបរទេសមួយចំនួនទៀតត្រូវបាននិរទេសដោយសារបទល្មើសដូចជា៖ លួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិតទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ (QR Code ក្លែងក្លាយ) ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត។

ជនបរទេសកំពុងរង់ចាំនិរទេស

ការបណ្ដេញចេញនេះ គឺជាការអនុវត្តតាមវិធានការច្បាប់ដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំដ៏មុតមាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាទាំងស្រុង។

មន្ត្រីនគរបាលអន្ដោប្រវេសន៍

វិធានការនេះធ្វើឡើងក្នុងគោលបំណងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែង ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយឆាក ព្រមទាំងជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោត ឱ្យមានសេរីភាព និងអាចវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញផងដែរ៕

ដោយ៖ ជ្រោយពេជ្រ

administrator

Related Articles