ភ្នំពេញ ៖ សម្រាប់អាណត្តិឆ្នាំ២០២៤-២០២៦ កម្ពុជាបំពេញតួនាទីជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM) លើកទី២៣ និងកិច្ចប្រជុំអាស៊ានបូកបី (ACCSM+3) លើកទី៨ ក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង»។

ដើម្បីរៀបចំកិច្ចប្រជុំនេះឱ្យប្រព្រឹត្តទៅដោយរលូន និងឆ្លុះបញ្ចាំងពីសមិទ្ធផលនៃការកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន និងលើកកម្ពស់កិត្យានុភាពជាតិលើឆាកតំបន់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលេខាធិការដ្ឋាន ACCSM លើកទី២៣ អនុគណៈកម្មការទាំង៦ ព្រមទាំងភាគីពាក់ព័ន្ធមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន ព្រមទាំងអភិបាលខេត្តសៀមរាប និងខេត្តព្រះសីហនុ។

គោលបំណងសំខាន់គឺដើម្បីពិនិត្យលើវឌ្ឍនភាពការងារ និងពិភាក្សាការងារដែលនៅសេសសល់ ដើម្បីគិតគូរកិច្ចការងារឆ្ពោះទៅមុខឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។

សូមបញ្ជាក់ថា កាលពី ២០ឆ្នាំមុន កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ACCSM លើកទី១៣ សម្រាប់ឆ្នាំ២០០៥-២០០៦ ក្រោមប្រធានបទ «គំរូថ្មីសម្រាប់បរិបទអាស៊ាន»។ ពេលនេះ កម្ពុជាវិលត្រឡប់មកធ្វើជាម្ចាស់ផ្ទះសាជាថ្មី ជាមួយនឹងភាពជាអ្នកដឹកនាំលើការងារសំខាន់ៗជាច្រើន។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំ ACCSM ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨១ ហើយកម្ពុជាបាននិងកំពុងបន្តដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញកំណែទម្រង់រដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សក្នុងសេវាសាធារណៈ ជាដៃគូយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍជាតិ។




ដោយ : សិលា
