ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនដែលកំពុងប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមងាកមកចុះឈ្មោះធ្វើការនៅក្នុងប្រព័ន្ធរោងចក្រ សហគ្រាសវិញ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីរបបសន្តិសុខសង្គម (ប.ស.ស.)។

ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់ការងារសមរម្យក្នុងបរិបទឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្នរោងចក្រ សហគ្រាសកំពុងត្រូវការកម្លាំងពលកម្មជាង ៩ម៉ឺនកន្លែង។
លោកបានរំលឹកប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនត្រឹមតែចង់ឱ្យពលរដ្ឋមានការងារប៉ុណ្ណោះទេ តែត្រូវជាការងារដែលបង្កើនបំណិន សមត្ថភាព និងមានប្រព័ន្ធគាំពារសង្គមរឹងមាំ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គោលដៅរួមគឺចង់ជួយបងប្អូនដែលធ្លាប់លំបាកក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចូលមកក្នុងប្រព័ន្ធវិញ ដើម្បីទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម (ប.ស.ស.) ដែលរួមមានផ្នែកហានិភ័យការងារ ថែទាំសុខភាព និងប្រាក់សោធន។

ជាមួយគ្នានេះ លោកបានលើកទឹកចិត្តឱ្យបងប្អូនរត់ម៉ូតូកង់បី អាចទាក់ទងទៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ដើម្បីរៀនជំនាញកែច្នៃដាក់ឧបករណ៍លាង និងថែទាំម៉ាស៊ីនត្រជាក់រកចំណូលបន្ថែម។ រីឯសិស្សដែលបោះបង់ការសិក្សាក៏អាចចូលរៀនកម្មវិធី TVET ១,៥លាននាក់ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភផងដែរ។

លោក វន់ ពៅ ប្រធានសមាគម IDEA និងលោក តាន់ វិសាល តំណាងអង្គការអុកស្វាម (Oxfam) បានកោតសរសើរចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបានលើកឡើងពីតួនាទីដ៏សំខាន់របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ច» ព្រមទាំងបញ្ហាប្រឈមផ្នែកសុវត្ថិភាព និងសុខភាពការងារ។

សម្រាប់អ្នកចង់ចូលធ្វើការនៅរោងចក្រ សហគ្រាស ឬចង់រៀនជំនាញបច្ចេកទេស សូមទាក់ទងតាមរយៈ Hotline របស់ក្រសួងការងារ លេខ ១២៩៧។

ពិធីនេះមានការចូលរួមពីអាជីវករលក់ដូរតាមដងផ្លូវ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ សង្គមស៊ីវិល សហជីព ដៃគូអភិវឌ្ឍន៍ និងក្រសួងស្ថាប័នពាក់ព័ន្ធជាង ២៥០នាក់។



