ភ្នំពេញ៖ ក្រោមការណែនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ឯក យូ សារុំ ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៅថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ទទួលជនបរទេសសរុប ៩៩៤នាក់ ស្រី ៧៤នាក់ មកពី ១៦សញ្ជាតិ។

ក្នុងនោះរួមមាន៖ ចិន ចិនតៃវ៉ាន់ ឥណ្ឌូនេស៊ី ថៃ មីយ៉ាន់ម៉ា ឡាវ ហ្វីលីពីន វៀតណាម ប៉ាគីស្ថាន បង់ក្លាដេស នេប៉ាល់ ឥណ្ឌា កេនយ៉ា ហ្គាណា លីបេរីយ៉ា និងកូរ៉េខាងត្បូង។ ពួកគេត្រូវបានបញ្ជូនពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងព្រះសីហនុ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) លួចស្នាក់នៅខុសច្បាប់ និងអនុវត្តទោសចប់។

ជនបរទេសទាំងអស់នេះត្រូវបានយកទៅរក្សាទុក ដើម្បីបន្តនីតិវិធីច្បាប់ នៅមណ្ឌលត្រៀមបណ្តេញចេញបាទី ជាលើកដំបូង។ នេះជាវិធានការណ៍ដ៏តឹងរឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ និងជនបរទេសខុសច្បាប់។



