ខេត្តកំពង់ស្ពឺ៖ ចោរលួចម៉ូតូម្នាក់បានសម្រេចជោគជ័យក្នុងការលួចយកម៉ូតូអ្នកលក់ដូរម្នាក់នៅតាមដងផ្លូវជាតិលេខ៣ តែជិះរត់គេចមិនផុត ដោយបានបុករថយន្តពីក្រោយបណ្ដាលឲ្យរងរបួសបាក់ជើង ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។

ប្រតិបត្តិការឃាត់ខ្លួននេះ ធ្វើឡើងក្រោមការណែនាំរបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៣ទាបភ្លឺ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ា នាង អាយុ៣៨ឆ្នាំ មានទីលំនៅស្រុកគីរីវង្ស ខេត្តតាកែវ។ សមត្ថកិច្ចបានដកហូតម៉ូតូមួយគ្រឿង ម៉ាក Honda Dream C125 ឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1N-9476 ដែលជាម៉ូតូរបស់ជនរងគ្រោះឈ្មោះ ហ៊ន់ សុខជា អ្នកលក់ដូរនៅតាមផ្លូវជាតិលេខ៣។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី ក្រោយទទួលព័ត៌មានករណីចោរកម្ម កម្លាំងនគរបាលបានសហការជាមួយប៉ុស្តិ៍ និងស្រុកជាប់ព្រំប្រទល់ ដើម្បីតាមស្រាវជ្រាវភិនភាគជនសង្ស័យ និងម៉ូតូដែលបាត់ រហូតឈានដល់ការឃាត់ខ្លួនបានជោគជ័យ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំទៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ
