ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ក្នុងរយៈពេល ២៤ម៉ោង (គិតពីម៉ោង ១៤:០០ ថ្ងៃទី១០ ឧសភា ដល់ម៉ោង ១៤:០០ ថ្ងៃទី១១ ឧសភា ២០២៦) បានកើតឡើងចំនួន ១លើក គឺនៅពេលយប់ បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ ១នាក់ ដោយគ្មានជនរងគ្រោះជាស្ត្រីឡើយ។
យោងតាមទិន្នន័យពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អ្នករងគ្រោះទាំង ៣នាក់ សុទ្ធតែមិនពាក់មួកសុវត្ថិភាព។
របាយការណ៍បញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ទាំងស្រុងគឺបណ្តាលមកពីការមិនគោរពសិទ្ធិផ្លូវ (១លើក) ដែលនាំឲ្យមានអ្នកស្លាប់ ២នាក់ និងរបួសធ្ងន់ ១នាក់។ នេះជាមេរៀនដ៏ឈឺចាប់មួយទៀត ដែលបង្ហាញថាការប្រុងប្រយ័ត្ន និងការគោរពច្បាប់ចរាចរណ៍ជារឿងចាំបាច់បំផុតសម្រាប់អ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នា។
