ខេត្តកំពង់ស្ពឺ៖ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាជាបន្ទាន់ឲ្យកម្លាំងនគរបាលចរាចរណ៍ទូទាំងខេត្តត្រូវរឹតបន្តឹងការត្រួតពិនិត្យ និងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះរាល់មធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទដែលកែច្នៃខុសលក្ខណៈបច្ចេកទេសពីឯកសារផ្លូវការ។

ការណែនាំនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយណែនាំដល់កម្លាំងផែនការងារសណ្ដាប់ធ្នាប់ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវអនុវត្តវិធានការច្បាប់ដោយមិនមានការយោគយល់ឡើយ។

កម្លាំងជំនាញនឹងធ្វើការឃាត់ពិនិត្យរាល់យានយន្តដែលកែច្នៃខុសពីឯកសារផ្លូវការដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងបណ្ណសម្គាល់ទោចក្រយានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឈៀករថយន្ត)។ ប្រសិនបើឃាត់ពិនិត្យឃើញថាមធ្យោបាយណាមួយខុសពីឯកសារ ឬកែច្នៃខុសលក្ខណៈបច្ចេកទេស ត្រូវឃាត់ទុកដើម្បីធ្វើការត្រួតពិនិត្យ និងអនុវត្តតាមនីតិវិធី។

ទន្ទឹមនឹងនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ក៏បានស្នើដល់ម្ចាស់យានគ្រប់ប្រភេទត្រូវអនុវត្តតាមគោលការណ៍ច្បាប់ក្នុងការប្រើប្រាស់មធ្យោបាយគ្រប់ប្រភេទបម្រើដល់អាជីវកម្ម និងបទដ្ឋានយាន ដើម្បីបញ្ជៀសនូវការរងទណ្ឌកម្មផាកពិន័យ និងការខកខានពេលវេលាក្នុងការរកស៊ីប្រចាំថ្ងៃ។

