ខេត្តស្វាយរៀង៖ លោក រស់ វាសនា អភិបាលរងក្រុងស្វាយរៀង បានដឹកនាំក្រុមការងារចម្រុះ រួមមានកម្លាំងអធិការក្រុងស្វាយរៀង និងការិយាល័យពាក់ព័ន្ធ ចុះអប់រំណែនាំអាជីវករលក់ដូរតាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីស្ពានកន្ទុយវ៉ៃ រហូតដល់ទំនប់តាណេងច្រាំងរាហុល ក្នុងក្រុងស្វាយរៀង នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកអភិបាលរងក្រុង បានសំណូមពរដល់បងប្អូនអាជីវករទាំងអស់ ឱ្យរៀបចំសម្ភារ និងកន្លែងលក់ដូរដោយមិនត្រូវឱ្យរំលោភលើចិញ្ចើមផ្លូវសាធារណៈ ដែលអាចបង្កឱ្យមានការកកស្ទះចរាចរណ៍ ឬប៉ះពាល់ដល់អ្នកធ្វើដំណើរថ្មើរជើងឡើយ។

លោក រស់ វាសនា ដែលជាតំណាងលោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានជួបសំណេះសំណាលដោយផ្ទាល់ និងធ្វើការណែនាំដល់អាជីវករនូវចំណុចសំខាន់ៗមួយចំនួន រួមមានការរក្សាសណ្តាប់ធ្នាប់ និងការរៀបចំសម្ភារ កន្លែងលក់ដូរ។

ជាពិសេស លោកបានណែនាំឱ្យបងប្អូនអាជីវករត្រូវវេចខ្ចប់កាកសំណល់ និងសម្រាមឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវសោភ័ណភាពតាមដងទន្លេវ៉ៃគោ ដែលជាកន្លែងសម្រាកលំហែកាយដ៏សំខាន់របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ជាចុងបញ្ចប់ លោកអភិបាលរងក្រុង ក៏បានស្នើឱ្យបងប្អូនអាជីវករចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីប្រែក្លាយក្រុងស្វាយរៀងឱ្យកាន់តែមានភាពស្រស់បំព្រង និងមានរបៀបរៀបរយ។



សូមបញ្ជាក់ថា សកម្មភាពទាំងអស់នេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលក្រុងស្វាយរៀង ក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសការអភិវឌ្ឍន៍តំបន់មាត់ទន្លេវ៉ៃគោឱ្យស័ក្តិសមជាទីក្រុងស្អាត និងគួរឱ្យចង់រស់នៅ។
ដោយ៖ សុថាន
