ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងអាវុធហត្ថខេត្តកណ្តាល និងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបបណ្តាញគ្រឿងញៀនឆ្លងខេត្តរយៈពេល៣ថ្ងៃជាប់គ្នា ដោយឃាត់ខ្លួនជនសង្ស័យសរុប ១០នាក់ (ក្នុងនោះស្រី១នាក់) ព្រមទាំងដកហូតថ្នាំញៀនជាច្រើនប្រភេទ អាវុធខ្លី០១ដើម និងសម្ភារៈពាក់ព័ន្ធមួយចំនួនធំ។

យោងតាមរបាយការណ៍សមត្ថកិច្ច នៅវេលាម៉ោង ៨:៤៥នាទីព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយអាវុធហត្ថស្រុកព្រៃកប្បាស បានចុះបង្ក្រាបទីតាំងមួយនៅ ភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

បន្ទាប់ពីការស្រាវជ្រាវ និងសាកសួរ សមត្ថកិច្ចបន្តពន្លាតដែនសមត្ថកិច្ចទៅកាន់ ខេត្តកណ្តាល នៅថ្ងៃទី០៨ ឧសភា ដោយសហការជាមួយអាវុធហត្ថស្រុកស្អាង និងក្រុងតាខ្មៅ ចុះបង្ក្រាបនៅ ភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង។ លុះថ្ងៃទី០៩ ឧសភា កម្លាំងបានបន្តប្រតិបត្តិការដល់ រាជធានីភ្នំពេញ ដោយចុះបង្ក្រាបទីតាំងមួយនៅ ផ្ទះលេខ C4 ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លា៦២កញ្ចប់ (ទម្ងន់ជាង១១៨ក្រាម), ថ្នាំគ្រាប់ពណ៌ផ្កាឈូក១៧គ្រាប់, ម្សៅពណ៌ផ្កាមឈូក១កញ្ចប់, អាវុធខ្លី១ដើម, គ្រាប់កាំភ្លើង៥៩គ្រាប់, ដាវដែក១ដើម, ទូរស័ព្ទដៃ១៣គ្រឿង, ម៉ូតូ០៤គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន០៣គ្រឿង ព្រមទាំងសម្ភារៈវេចខ្ចប់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យទាំង១០នាក់ រួមនឹងវត្ថុតាង ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តតាកែវ កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ដោយ៖ សូរិយា
