រាជធានីភ្នំពេញ៖ រដ្ឋសភាកម្ពុជា នីតិកាលទី៧ បានបោះឆ្នោតអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ក្នុងសម័យប្រជុំពេញអង្គវិសាមញ្ញ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានសំឡេងគាំទ្រ ១១៤ លើ ១១៤ សំឡេង។

សេចក្តីព្រាងច្បាប់នេះ មាន ៨ ជំពូក និង ២០ មាត្រា ដែលរាជរដ្ឋាភិបាលបានកែសម្រួលរយៈពេលបំពេញកាតព្វកិច្ចពី ១៨ ខែ មក ២៤ ខែ ស្របតាមស្តង់ដារអន្តរជាតិ។ ប្រជាពលរដ្ឋខ្មែរភេទប្រុស ដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធាជាកាតព្វកិច្ច។

សម្រាប់ស្ត្រី ការបំពេញកាតព្វកិច្ចនេះ គឺផ្អែកទៅតាមការស្ម័គ្រចិត្ត។ ច្បាប់នេះនឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០២៦នេះ ហើយការចុះឈ្មោះនឹងចាប់ពីយុវជនដែលមានអាយុ ១៧ឆ្នាំ។ ក្រុមដែលមិនជាប់កាតព្វកិច្ចយោធា រួមមាន ព្រះសង្ឃ បុព្វជិតសាសនា អ្នកប្រាជ្ញ និងអ្នកពិការកាយសម្បទា។

ក្រោយការអនុម័ត សេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនបន្តទៅព្រឹទ្ធសភាជាតិ ដើម្បីពិភាក្សានិងអនុម័តបន្ត។ រាជរដ្ឋាភិបាលយល់ថា ច្បាប់ថ្មីនេះនឹងជួយសម្រួលដល់ការជ្រើសរើសកងទ័ព និងបណ្តុះបណ្តាលពលរដ្ឋឲ្យមានវិន័យក្នុងសង្គម។

