បន្ទាយមានជ័យ៖ ក្រុមការងារត្រួតពិនិត្យពិសេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកប្រតិបត្តិការណ៍ឆ្មក់ត្រួតពិនិត្យ និងបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់ នៅលើផ្លូវជាតិលេខ៥ ចំណុចគ.មលេខ៣៤៩+២០០ ស្ថិតក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នេះបើយោងតាមការប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារពិសេស ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រី។

ជាលទ្ធផល ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ៦គ្រឿង ដែលមានបិទឡូហ្គោ DN និង SS ក្នុងនោះមានរថយន្តចំនួន ៥គ្រឿង បានដឹកលើសទម្ងន់កម្រិតកំណត់ ដោយលើសទម្ងន់ចន្លោះពី ១០តោន ដល់ ៣២តោន គិតជាភាគរយចន្លោះពី ៣៣%% ដល់ ៨០%%។

ប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ក្រសួងក្នុងការទប់ស្កាត់បទល្មើសដឹកជញ្ជូនលើសទម្ងន់ ដែលជាមូលហេតុចម្បងមួយនៃការខូចខាតផ្លូវថ្នល់នៅកម្ពុជា។ ក្រុមការងារបានសង្កត់ធ្ងន់ថា នឹងមិនមានការលើកលែងចំពោះជនល្មើសឡើយ ដើម្បីធានាសុវត្ថិភាពចរាចរណ៍ និងការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។




