ត្រាំបដិសេធជាដាច់ខាត ក្រោយអ៊ីរ៉ង់ឆ្លើយតបផែនការសន្តិភាព ១៤ចំណុច រួមទាំងទាមទារសំណងសង្គ្រាម

ត្រាំបដិសេធជាដាច់ខាត ក្រោយអ៊ីរ៉ង់ឆ្លើយតបផែនការសន្តិភាព ១៤ចំណុច រួមទាំងទាមទារសំណងសង្គ្រាម

ទីក្រុងវ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រកាសមិនទទួលយកជាដាច់ខាតនូវអ្វីដែលអ៊ីរ៉ង់ឆ្លើយតបចំពោះផែនការសន្តិភាព ១៤ចំណុចរបស់លោក ដែលជាហេតុនាំឱ្យតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិហក់ឡើងខ្ពស់បន្ថែមទៀត។

ត្រាំ និង អ៊ីរ៉ង់

បន្ទាប់ពីអាមេរិកបានបញ្ជូនសំណើទៅឱ្យអ៊ីរ៉ង់ពិនិត្យមើលដោយសង្ឃឹមថានឹងបើកការចរចាឡើងវិញ អ៊ីរ៉ង់កាលពីយប់មិញបានចេញសេចក្ដីប្រកាសជាលក្ខណៈឆ្លើយតបដោយផ្ដោតសំខាន់ទៅលើការបិទបញ្ចប់សង្គ្រាមនៅគ្រប់ទីកន្លែងទាំងអស់ ទើបខ្លួនសុខចិត្តចូលរួម។ អ៊ីរ៉ង់ក៏ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់សង្គ្រាមនៅប្រទេសលីបង់ផងដែរ។

អ៊ីរ៉ង់ទាមទារឱ្យអាមេរិកផ្ដល់ប្រាក់សំណងចំពោះការខូចខាតដោយសារសង្គ្រាម និងសង្កត់ធ្ងន់ថាខ្លួនត្រូវតែមានសិទ្ធិអធិបតេយ្យដើម្បីគ្រប់គ្រងច្រកសមុទ្រហ័រម៉ូស។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់។ អ៊ីរ៉ង់បានទាមទារលក្ខខណ្ឌជាច្រើនទៀតដូចជា៖ អាមេរិកត្រូវលុបចោលការបិទខ្ទប់ដែនសមុទ្រ ត្រូវធានាថាគ្មានការវាយប្រហារជាថ្មីនាពេលអនាគត ត្រូវលុបចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងត្រូវអនុញ្ញាតឱ្យអ៊ីរ៉ង់លក់ប្រេងទៅកាន់ទីផ្សារអន្តរជាតិឡើងវិញ។

តម្លៃប្រេងឆៅ

ក្រោយសេចក្ដីប្រកាសរបស់អ៊ីរ៉ង់ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ លោក ដូណាល់ ត្រាំ ក៏បានបង្ហោះសារនៅលើបណ្ដាញសង្គមច្រានចោលការទាមទាររបស់អ៊ីរ៉ង់។ លោកបានសរសេរយ៉ាងខ្លីថាលោកមិនចូលចិត្តលក្ខខណ្ឌទាំងនេះទាល់តែសោះ ព្រោះជាលក្ខខណ្ឌដែលមិនអាចទទួលយកបានជាដាច់ខាត ដោយមិនផ្ដល់សេចក្ដីពន្យល់លម្អិតទេ។

អាមេរិកបានស្នើសុំបិទបញ្ចប់ការប្រយុទ្ធគ្នាជាមុនសិន មុននឹងឈានដល់ការជជែកគ្នាអំពីបញ្ហាសំខាន់ៗ រួមទាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ។

ផែនការសន្តិភាព

ថ្ងៃនេះ ប្រេងឆៅឡើងថ្លៃ ៣ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីទទួលដំណឹងដូចខាងលើ។ លទ្ធផលស្ទង់មតិបង្ហាញថាសង្គ្រាមនេះមិនទទួលការគាំទ្រពីប្រជាជនអាមេរិកដែលជាម្ចាស់ឆ្នោតទេ ដោយពួកគេត្រូវបង់ថ្លៃសាំងកាន់តែច្រើន។ ដូច្នេះ ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនារយៈពេល ៦ខែខាងមុខ គណបក្សសាធារណរដ្ឋរបស់លោក ត្រាំ អាចនឹងបាត់បង់សំឡេងភាគច្រើននៅក្នុងសភា៕

ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត

administrator

Related Articles