ភ្នំពេញ៖ លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ នាទីស្តីការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើការងារពង្រឹង និងពង្រីកសេវាព្រឹត្តិបត្រថ្កោលទោសរបស់ក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ លោកបណ្ឌិតបានលើកឡើងពីសារៈសំខាន់នៃការធ្វើទំនើបកម្មសេវាព្រឹត្តិបត្រថ្កោលទោស ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងរបស់ប្រជាពលរដ្ឋ ទាំងក្នុងស្រុក និងក្រៅប្រទេស។

ជាលទ្ធផល អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ នឹងដាក់ឱ្យដំណើរការប្រព័ន្ធ Hotline សម្រាប់សាកសួរព័ត៌មានទាក់ទងនឹងសេវាព្រឹត្តិបត្រថ្កោលទោស ព្រមទាំងរៀបចំបច្ចុប្បន្នភាពប្រព័ន្ធព្រឹត្តិបត្រថ្កោលទោសឌីជីថល ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកនៅក្រៅប្រទេស។


ជាពិសេស ប្រព័ន្ធថ្មីនេះនឹងអនុញ្ញាតឱ្យមានការស្នើសុំព្រឹត្តិបត្រថ្កោលទោស ការទូទាត់សេវា និងសេវាប្រៃសណីយ៍សម្រាប់ការផ្ញើទៅអាសយដ្ឋាននៅបរទេស តាមរយៈ Online តែម្តង ដោយមិនចាំបាច់ធ្វើដំណើរមកកាន់ទីស្តីការក្រសួងឡើយ។



ការដាក់ដំណើរការប្រព័ន្ធថ្មីនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួងយុត្តិធម៌ក្នុងការពង្រឹងសេវាសាធារណៈឱ្យកាន់តែមានតម្លាភាព រហ័ស និងទំនើប ស្របតាមបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន ។




ដោយ៖ សិលា
