អ៊ីរ៉ង់​ព្រមាន​អង់គ្លេស និងបារាំង​រឹង​រូស​បញ្ជូន​នាវា​ចម្បាំង​មក​ច្រក​ហ័រម៉ូស ថា​នឹង​ទទួល​ការ​ឆ្លើយតប​យ៉ាង​ខ្លាំងក្លា

អ៊ីរ៉ង់​ព្រមាន​អង់គ្លេស និងបារាំង​រឹង​រូស​បញ្ជូន​នាវា​ចម្បាំង​មក​ច្រក​ហ័រម៉ូស ថា​នឹង​ទទួល​ការ​ឆ្លើយតប​យ៉ាង​ខ្លាំងក្លា

ទីក្រុង​តេអេរ៉ង់៖ អ៊ីរ៉ង់​បាន​ចេញ​សេចក្ដី​ព្រមាន​យ៉ាង​តឹងរ៉ឹង​ទៅ​កាន់​បារាំង និង​អង់គ្លេស​ បន្ទាប់​ពី​ប្រទេស​ទាំងពីរ​ប្រកាស​ពី​ផែនការ​បញ្ជូន​នាវា​ចម្បាំង​ទៅ​កាន់​តំបន់​ក្បែរ​ច្រក​សមុទ្រ​ហ័រម៉ូស ដែល​ជា​ច្រក​ផ្លូវ​ទឹក​យុទ្ធសាស្ត្រ​ដ៏​សំខាន់​របស់​ពិភពលោក។

ច្រកហ័រម៉ូស

លោក​កាសឹម ការីបាបាឌី (Kazem Gharibabadi) ឧប​នាយក​រដ្ឋ​មន្ត្រី​អ៊ីរ៉ង់ បាន​ថ្លែង​យ៉ាង​ច្បាស់​ថា ប្រសិន​បើ​ប្រទេស​ទាំងពីរ​ហ៊ាន​ធ្វើ​ដូច្នេះ​មែន ពួកគេ​នឹង​ត្រូវ​ទទួល​រង​ការ​ឆ្លើយតប​ជា​បន្ទាន់ និង​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ពី​សំណាក់​អ៊ីរ៉ង់។ លោក​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​អ៊ិច​ថា ច្រក​សមុទ្រ​ហ័រម៉ូស​មិន​មែន​ជា​របស់​ប្រទេស​ដទៃ​ក្រៅ​ពី​តំបន់​មជ្ឈិម​បូព៌ា​នោះ​ទេ។

នាវាចម្បាំង

លោក​បាន​សង្កត់​ធ្ងន់​ថា អ៊ីរ៉ង់​មាន​សិទ្ធិ​អធិបតេយ្យ​លើ​ច្រក​សមុទ្រ​នេះ ហើយ​មាន​តែ​អ៊ីរ៉ង់​មួយ​គត់​ដែល​អាច​បង្កើត​ប្រព័ន្ធ​សន្តិសុខ​នៅ​ក្នុង​ច្រក​សមុទ្រ​នេះ។ អ៊ីរ៉ង់​នឹង​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណា​មួយ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​នេះ​ជា​ដាច់ខាត​ឡើយ។

លោក​ការីបាបាឌី​បាន​ប្រកាស​ទៀត​ថា ការ​ដាក់​ពង្រាយ​នាវា​ពិឃាត​របស់​ប្រទេស​ក្រៅ​តំបន់​ ក្រោម​លេស​ថា​ដើម្បី​ការពារ​នាវា​ដឹក​ទំនិញ​នោះ គឺ​គ្មាន​អ្វី​ក្រៅ​ពី​ការ​ចង់​បង្ក​បញ្ហា និង​ធ្វើ​យុទ្ធោបនីយកម្ម​នៅ​លើ​ច្រក​ផ្លូវ​ទឹក​ដ៏​សំខាន់​នេះ​ឡើយ។

ស្ថានការណ៍ច្រកហ័រម៉ូស

ការ​ថ្លែង​នេះ​កើត​ឡើង​បន្ទាប់​ពី​អង់គ្លេស និង​បារាំង​ប្រកាស​ផែនការ​បញ្ជូន​នាវា​ចម្បាំង​របស់​ខ្លួន​ទៅ​ក្បែរ​ច្រក​ហ័រម៉ូស ដោយ​ចាត់​ទុក​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​ពហុជាតិ​ដើម្បី​អម​ដំណើរ​កប៉ាល់​ដឹក​ទំនិញ​ឆ្លង​កាត់​ច្រក​នេះ។ ប៉ុន្តែ​បច្ចុប្បន្ន​ច្រក​នេះ​នៅ​តែ​បិទ​ជិត​ឈឹង​ដដែល ដោយ​មាន​តែ​កប៉ាល់​តិច​តួច​បំផុត​ដែល​អាច​បើក​កាត់​ដោយ​សុវត្ថិភាព រួម​ទាំង​កប៉ាល់​ដឹក​ហ្គាស​របស់​កាតា​ដែល​ទើប​បើក​កាត់​ដោយ​មាន​ការ​យល់ព្រម​ពី​អ៊ីរ៉ង់​ផងដែរ៕

ប្រភព៖ ញូស្វីក (Newsweek) និង​ប្រភព​ដទៃ​ទៀត

administrator

Related Articles