សង្គ្រាមអ៊ីរ៉ង់៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ដែលមុននេះបដិសេធចម្លើយអ៊ីរ៉ង់ចំពោះសំណើអាមេរិកដើម្បីបញ្ចប់សង្គ្រាម បានព្រមានកាលពីថ្ងៃទី១១ ឧសភា ថាបទឈប់បាញ់គ្នាជាមួយអ៊ីរ៉ង់ឈានទៅរកចំណុចកាត់ផ្ដាច់ហើយ។

ជាង១ខែក្រោយចាប់ផ្ដើមបទឈប់បាញ់គ្នារវាងអ៊ីរ៉ង់ និងអាមេរិករួមជាមួយអ៊ីស្រាអែល ការចរចាពេលនេះហាក់ដូចជាកំពុងស្ថិតក្នុងការជាប់គាំងជាថ្មី។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់រាយការណ៍ថា ចម្លើយអ៊ីរ៉ង់ដែលបញ្ជូនតាមរយៈអាជ្ញាកណ្ដាលប៉ាគីស្ថាន ផ្ដោតលើការបញ្ចប់សង្គ្រាមនៅគ្រប់រណសិរ្សទាំងអស់ ពិសេសនៅលីបង់ និងលើការធានាសន្តិសុខការធ្វើនាវាចរណ៍តាមសមុទ្រ។
សំណើរបស់អ៊ីរ៉ង់គ្រោងបើកឡើងវិញបន្តិចម្ដងៗ ច្រកសមុទ្រហ័រមូស និងការលុបចោលដំណាលគ្នាការហ៊ុមព័ទ្ធបណ្ដាកំពង់ផែអ៊ីរ៉ង់ដោយកងម៉ារីនអាមេរិក។

ក្រុងតេហេរ៉ង់ក៏ត្រៀមផងដែររក្សាទុកមួយផ្នែកនៃអ៊ុយរ៉ានីញ៉ូមចម្រាញ់របស់ខ្លួន ហើយផ្នែកនៅសល់នឹងបញ្ជូនទៅប្រទេសទី៣។ ភាពទ័លច្រកក្នុងដំណោះស្រាយការទូត និងការវាយប្រហារតតាំងគ្នានាពេលថ្មីៗនេះ អាចនាំឲ្យតំបន់មជ្ឈិមបូព៌ាធ្លាក់ជាថ្មីក្នុងសង្គ្រាមដោយបើកចំហ និងអូសបន្លាយពេលវិបត្តិថាមពលពិភពលោក។
ពេលសួរលោកនៅសេតវិមានថា តើបទឈប់បាញ់គ្នានៅតែជាធរមានឬយ៉ាងណា លោកត្រាំឆ្លើយថាបទឈប់បាញ់គ្នានោះពិតជាផុយស្រួយខ្លាំងណាស់។ លោកថាសម្រាប់ពេលនេះបទឈប់បាញ់គ្នានោះពិតជាខ្សោយខ្លាំង។ លោកបន្តថានឹងផ្អាកពន្ធសហព័ន្ធលើប្រេងសាំង ដើម្បីជួយពលរដ្ឋអាមេរិកក្នុងការទប់ទល់នឹងការឡើងថ្លៃប្រេងឥន្ធនៈមកពីសង្គ្រាម។
លោកត្រាំឆ្លៀតពេលនៃដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសចិននាសប្ដាហ៍នេះ ដើម្បីស្នើដល់ប្រធានាធិបតីចិនលោកស៊ីជីនពីងឲ្យធ្វើការគាបសង្កត់លើអ៊ីរ៉ង់ឲ្យធ្វើសម្បទាននានា និងបញ្ចប់ភាពទ័លច្រកបច្ចុប្បន្ន។ ចិនជាអ្នកទិញប្រេងអ៊ីរ៉ង់ច្រើនជាងគេបំផុតដែលអាចនិយាយជាមួយអ៊ីរ៉ង់បាន។
អ៊ីរ៉ង់ទទូចលើការបញ្ចប់ការបិទខ្ទប់កំពង់ផែរបស់ខ្លួន និងឲ្យមានការលុបចោលបណ្ដាទណ្ឌកម្ម មុនចាប់ផ្ដើមចរចាពីលើការស្តុកអ៊ុយរ៉ានីញ៉ូមកម្រិតខ្ពស់របស់ខ្លួន។ លោកត្រាំវិញទាមទារឲ្យដកយកអ៊ុយរ៉ានីញ៉ូមចម្រាញ់កម្រិតខ្ពស់ទាំងអស់ចេញពីអ៊ីរ៉ង់ ហើយមិនទទួលយកសំណើដទៃៗទៀតរបស់អ៊ីរ៉ង់ឲ្យមានការទទួលស្គាល់ជាផ្លូវការការត្រួតត្រារបស់អ៊ីរ៉ង់លើច្រកសមុទ្រហ័រមូស និងឲ្យទទួលបានការចេញសងការខូចខាតពីសំណាក់អាមេរិក។
លោកត្រាំថាសំណើទាំងអស់នោះរបស់អ៊ីរ៉ង់មិនអាចទទួលយកបានទាំងស្រុង។ ប្រធានាធិបតីអ៊ីរ៉ង់បានសរសេរតាមបណ្ដាញសង្គម X ថា យើងមិនឱនក្បាលដាច់ខាតនៅមុខសត្រូវ ហើយការចរចាមិនមែនជាការចុះចាញ់ឬរតថយឡើយ ៕
