ទីក្រុងតេហេរ៉ង់ ៖ ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់កំពុងឡើងកម្តៅខ្លាំងជាថ្មី បន្ទាប់ពីអ្នកចរចាកំពូលរបស់អ៊ីរ៉ង់ លោក ម៉ូហាម៉ាដ បាក់ហ័រ ហ្គាលីបាស់ បានចេញមុខព្រមានយ៉ាងខ្លាំងថា ទីក្រុងតេហេរ៉ង់បានត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់នូវ«មេរៀន»មួយដល់អាមេរិក ប្រសិនបើមានការឈ្លានពានណាមួយកើតឡើង។
ការព្រមាននេះធ្វើឡើងជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ដែលបានលើកឡើងពីភាពផុយស្រួយនៃបទឈប់បាញ់បច្ចុប្បន្ន។

លោក ហ្គាលីបាស់ ដែលជាប្រធានសភាអ៊ីរ៉ង់ផងដែរនោះ បានសរសេរតាមបណ្ដាញសង្គម X ថា កងកម្លាំងរបស់អ៊ីរ៉ង់បានត្រៀមកម្លាំងគ្រប់យ៉ាងដើម្បីតបតវិញ និងឆក់យកជ័យជម្នះ ដោយព្រមានថាអាមេរិកនឹងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់អ៊ីរ៉ង់។
ជាងនេះទៅទៀត លោកបានបញ្ជាក់យ៉ាងដាច់ដាច់ថា នឹងមិនមានការផ្លាស់ប្ដូរណាមួយឡើយនៅក្នុងសំណើ ១៤ចំណុចរបស់អ៊ីរ៉ង់ ដែលជាលក្ខខណ្ឌសម្រាប់បញ្ចប់សង្គ្រាមឡើយ។ រាល់ការទាមទារបន្ថែមផ្សេងទៀតនឹងមិនអាចទទួលយកបានឡើយ។

លោក ហ្គាលីបាស់ បានព្រមានទៀតថា បើសិនជាអាមេរិកបន្តអូសបន្លាយពេលវេលា នោះការចំណាយរបស់អាមេរិកនឹងកាន់តែខ្ពស់ឡើង ហើយអាមេរិកនឹងគ្មានអ្វីក្រៅពីការទទួលបរាជ័យផ្ទួនៗនោះឡើយ។
គួរបញ្ជាក់ថា ភាពតានតឹងកាន់តែមានសភាពខ្លាំងឡើង ដោយភាគីទាំងសងខាងសុទ្ធតែបានគំរាមគ្នាទៅវិញទៅមកពីការផ្ទុះការប្រយុទ្ធជាថ្មី ជាពិសេសការត្រួតត្រាច្រកសមុទ្រហ័រមូស ដែលជាចំណុចយុទ្ធសាស្ត្រសំខាន់បំផុតមួយរបស់ពិភពលោក។
